ដូចដែលបងប្អូនជាច្រើនបានដឹងថា សំរាមគឺជាឧបសគ្គមួយ នៅក្នុងអភិវឌ្ឍប្រទេស ហើយសំរាមក៏ផ្តល់ហានិភ័យយ៉ាងខ្លាំងសម្រាប់សុខភាពបងប្អូនប្រជាពលរដ្ឋ មិនថានៅជំនាន់ ឬជំនាន់ក្រោយ គឺអាចប្រឈមការប៉ះពាល់ដល់សុខភាពដូចគ្នា ទើបបង្កើតឲ្យអ្នកប្រមូលសំរាម។ ដោយឡែកក៏មានបងប្អូនយើងជាច្រើន បានចូលរួមនៅក្នុងការជួយដល់សង្គម ក្នុងការប្រមូលសំរាម ធ្វើឲ្យបរិស្ថាន កាន់តែមានភាពស្រស់ស្អាតឡើង។

ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ក្រុមយុវជនស្រឡាញ់បរិស្ថានខេត្តរតនគិរី បានបង្ហោះសាររូបភាព អមជាមួយសារយ៉ាងខ្លីថា "នេះជាទិដ្ឋភាពនៃការចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ពីសំណាក់បងប្អូនមួយចំនួនតូច ដែលយកអាហារទៅទទួលទាននៅបឹងវារីអគ្គីសនីអូរជុំ។យើងខ្ញុំពិតជាមានការហួសចិត្ត ចំពោះទង្វើដ៏គួរឱ្យអៀនខ្មាស់មួយនេះ។កន្លែងដែលមានទេសភាពស្រស់ស្អាត បរិយាកាសល្អបរិសុទ្ធនិងជាកន្លែងដែលបងប្អូនជ្រើសរើសជាកន្លែងជួបជុំហូបអាហារ ចុងក្រោយបែរជាបងប្អូនចូលរួមចំណែកបំផ្លាញសម្រស់ដ៏ស្រស់ត្រកាលមួយនេះទៅវិញ។សូមមេត្តាផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ពីការចោលសំរាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ មកជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវវិញ ទើបជាឥរិយាបថមួយដែលថ្លៃថ្នូរនិងសាកសមជាពលរដ្ឋគំរូមួយរូបសម្រាប់សង្គមជាតិ"៕


ប្រភព៖ ក្រុមយុវជនស្រឡាញ់បរិស្ថានខេត្តរតនគិរី