ជាការពិតណាស់ សំរាម គឺជាចំណែកមួយដែលធ្វើឲ្យសុខភាពប្រជាពលរដ្ឋ ជួបបញ្ហា ហើយសំរាម ក៏ជាអ្នកបំផ្លាញដ៏ធំផងដែរ ក្នុងការអភិវឌ្ឍប្រទេស ព្រោះថាបើមានសំរាមច្រើន គ្មានភ្ញៀវទេសចរណ៍ណាម្នាក់ ចង់មកកំសាន្ត និងមកលេងប្រទេសយើងនោះទេ ដូចនេះចូលរួមសំអាតទាំងអស់គ្នា កុំឲ្យមានសំរាមនៅក្នុងទីក្រុងឲ្យសោះ រួមគ្នាបោសសំអាតសំរាមចេញទាំងអស់គ្នា។

ដោយឡែកនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ នៅខេត្តព្រះសីហនុ មានភ្លៀងមួយមេ បាននាំយកមកនូវសំរាមជាច្រើន នៅលើឆ្នេរចុងអូរឈើទាល ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក Huy Bunleng News បានឲ្យដឹងថា " ក្រុមអ្នកសម្អាតបរិស្ថាន ចុះកើបសម្អាតសំរាមដែលហូរតាមអូរ ពេលមានភ្លៀង ចូលមកលើឆ្នេរ ចុងអូរឈើទាល (អតីតដំណាក់ស្តេច) ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២០ ។ មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា សំរាមទាំងអស់នេះកើតឡើងពីពលរដ្ឋមួយចំនួនបោះចោលតាមអូរ ប្រឡាយ ហើយពេលមានភ្លៀងធ្លាក់ សំរាមទាំងអស់នេះក៍ហូរធ្លាក់តាមទឹក ចុះមកដល់សមុទ្រតាមអូរដែលអជ្ញាធរបានស្តារ កាយបើកផ្លូវទឹកអោយធំ ។ មន្ត្រីដដែលថ្លែងបន្តថា ប្រសិនបើពលរដ្ឋដែលរស់នៅតាមក្បែរ អូរ ប្រឡាយ ចូលរួមវេចខ្ចប់សំរាម កុំបោះចោលចូលអូរ ប្រឡាយ បរិស្ថានក្នុងក្រុងព្រះសីហនុ នឹងរក្សាបានកាន់តែល្អ"៕






ប្រភព៖ Huy Bunleng News