ភ្នំពេញ ៖ នាថ្ងៃទី៨ ខែឧសភា ក្រោយពីទទួលបានការចាត់តាំងពឹងពាក់ពីឯកឧត្តម ប្រធានាធិបតីចិន Xi Jinping ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្រ្តីការបរទេសចិន បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សួរព្រះរាជសុខទុក្ខ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលព្រះអង្គកំពុងតែគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងប្រទេសចិន។

ឯកឧត្តមទីប្រឹក្សារដ្ឋចិន បានពាំនាំពាក្យសួរព្រះរាជសុខទុក្ខរបស់ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping និងលោកជំទាវ Peng Liyuan ថ្វាយចំពោះព្រះអង្គ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ លោកមានប្រសាសន៍ថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានបន្តរក្សាមិត្តភាពប្រពៃណីជាមួយចិនបន្ទាប់ពីសម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ដេចយាងរួមចំណែកជាថ្មីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមិត្តភាពរវាងចិន និងកម្ពុជា។

លោកមានប្រសាសន៍ថា ភាគីចិនពិតជាត្រេកអរជាខ្លាំង ដែលបានឃើញកម្ពុជាស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះអង្គ និងការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កិច្ចទប់ស្កាត់នឹងជំងឺវីរុសCOVID-19ក្នុងប្រទេសទទួលបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ក៏ជឿជាក់ថាប្រជាជនកម្ពុជាប្រាកដជាអាចយកឈ្នះជាមួយនឹងជំងឺវីរុសមួយនេះជាមិនខាន។ ខណៈពេលនេះ ចិន និងកម្ពុជានៅតែអាចប្រឈមជាមួយហានីភ័យ និងបញ្ហាប្រឈមមួយចំនួនក្នុងកិច្ចទប់ស្កាត់ការផ្ទុះឡើងសារជាថ្មីនូវជំងឺវីរុសក្នុងប្រទេស និងកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលឆ្លងពីក្រៅប្រទេស។ ភាគីទាំងពីរគួរពង្រឹងកិច្ចសហការសាមគ្គីគ្នា និងការពិភាក្សាបទពិសោធន៍ទប់ស្កាត់នឹងជំងឺវីរុសមួយនេះ ដើម្បីដំណើរការសេដ្ឋកិច្ចសង្គម និងសណ្ដាប់ធ្នាប់ជីវភាពសាជាថ្មី ដោយស្ថិតក្រោមការទប់ស្កាត់យ៉ាងមុះមុតក្នុងភាពធម្មតានេះ។

លោកបន្តទៀតថា ក្នុងខណៈពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដ៏ចាំបាច់នេះ ភាគីកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំជូនដល់ភាគីចិន។ ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19មក ភាគីចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តរដ្ឋចិនដំបូងគេក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសក្នុងបណ្ដាប្រទេសជិតខាងនៃចិន និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចិនមកកាន់ប្រទេសកម្ពុជា និងព្រមទាំងបានផ្តល់សម្ភារៈទប់ស្កាត់ចាំបាច់ជាច្រើនជូនដល់ភាគីកម្ពុជាផងដែរ។ ទាំងនេះបានបង្ហាញឲ្យឃើញពីមិត្តភាពប្រពៃណីដែលគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា។

សម្តេចព្រះបរមនាថបានសព្វព្រះរាជហឫទ័យផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករឭកជូនដល់ឯកឧត្តមប្រធានាធិបតីចិន និងលោកជំទាវតាមរយៈឯកឧត្តមទីប្រឹក្សារដ្ឋចិន។ ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងបន្តរក្សាមិត្តភាពរវាងចិន និងកម្ពុជាដែលបានបង្កើតឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន បន្តថែរក្សានិងអភិវឌ្ឍមិត្តភាពនៃប្រទេសទាំងពីរ ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនទាំងពីរប្រទេស។

ព្រះអង្គបានអបអរសាទរជាមួយមហាសមិទ្ធផលនៃកិច្ចទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិន ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតីចិន ព្រះអង្គបានសព្វព្រះទ័យវាយតម្លៃខ្ពស់ចំពោះគំនិតគ្រប់គ្រងនិងអនុវត្តគោលការណ៍របស់រដ្ឋាភិបាលចិនដែលផ្តោតសំខាន់លើប្រជាជនជាធំ ទ្រង់បានថ្លែងអំណរគុណដល់ជំនួយរបស់ប្រទេសចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជានឹងបន្តពង្រឹងកិច្ចពិភាក្សាបទពិសោធន៍ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសជាមួយភាគីចិន ដើម្បីរក្សាសុខសុវត្ថិភាពអាយុជីវិតប្រជាជន។