ភ្នំពេញ៖ កាលពីថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញសួរសុខទុក្ខ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍ ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ក្រោយក្រសួងយកទៅពិនិត្យ និងស្គេនឡើងវិញ ឃើញថា កដៃរបស់ជនរងគ្រោះ មានសភាពបាក់ខ្លាំង រហូតអាចឈានដល់មានវះកាត់។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ៤១ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នកទាំង២ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល និងសម្ពពសុធារិទ្ធបែកចាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដឹកយកមកព្យាបាល។

ជនរងគ្រោះបានឲ្យដឹងថា អ្នកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយរងបួសដាច់រលាត់ដៃជើងសើស្បែក ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះ បានសរសេរនៅក្នុងវិក្ក័យបត្រថា ជនរងគ្រោះបាក់ដៃ និងបាក់ជើង ព្យាបាលលាងរបួសអស់ទឹកប្រាក់ ចំនួន៧១០ដុល្លារ ហើយបង្ខំឲ្យជនរងគ្រោះយកលុយ មកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។

បើតាមក្រសួងសុខាភិបាល ករណីដែលប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន បំពានសារាចរណែនាំរបស់ក្រសួង បានកើតមានឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយលើសពីនេះ មន្ទីរសម្រាមព្យាបាល ក៏យកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឲ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

