នៅថ្ងៃបុណ្យទិវាម្តាយ គេគ្រប់គ្នានៅក្បែរម្តាយ មានស្នាមញញឹមគ្រប់គ្នា តែចំពោះ សោម ស្រីនាថ វិញ បានត្រឹមតែអង្គុយមើលរូបភាពចាស់ដែលថតជាមួយម្តាយទាំងទឹកភ្នែក...
-

ភ្នំពេញ៖ នៅថ្ងៃបុណ្យទិវាអ្នកម្តាយ មានបងប្អូនជាច្រើនបានបង្ហោះសារ អមជាមួយនិងរូបថតរបស់អ្នកមានគុណនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនរៀងៗខ្លួន ព្រមជាមួយនិងស្នាមញញឹមយ៉ាងស្រស់ស្អាតរបស់អ្នកម្តាយ ដោយមានការរំលឹកពីការដឹងគុណចំពោះកូនទៅកាន់អ្នកម្តាយ ដោយក្តីស្រលាញ់ចេញពីចិត្តរបស់កូនទៅកាន់អ្នកម្តាយគ្រប់គ្នាៗ។

ដោយឡែកបើយើងងាកមកមើលពីតារាសម្តែង​ និងពិធីការិនី ដ៏ស្រស់សោភា កញ្ញា សោម ស្រីនាថ ដែលជាតារាមួយរូប ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន ។ នៅថ្ងៃនេះគឺជាថ្ងៃបុណ្យទិវាម្តាយ កញ្ញា សោម ស្រីនាថ បែរជាមានភាពសោយសោក និងបង្ហាញអារម្មណ៍នឹកនាដល់អ្នកម្តាយ ជាមួយនិងរូបភាពចាស់​ របស់អ្នកម្តាយ ដែលបានថតជាមួយគ្នា ព្រោះថាម្តាយរបស់កញ្ញាលោកបានលាចាកលោកទៅអស់រយៈពេល២ឆ្នាំមកហើយ។

ជាមួយនឹង ក្តីនឹករលឹក ព្រមជាមួយថ្ងៃបុណ្យមួយនេះផងនោះ កញ្ញា សោម ស្រីនាថ ក៏បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា "រីករាយថ្ងៃបុណ្យមាតា ??? មានត្រឹមរូបថត ការចងចាំ និងការនឹករលឹកពេញបេះដូង . បើមានជាតិក្រោយមែនពិត កូនសូមកើតជាកូនម៉ែគ្រប់ៗជាតិ .?? ម៉ែកំសត់របស់កូន?"។

ជាមួយសារយ៉ាងខ្លីរបស់កញ្ញា ធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែស្រក់ទឹកភ្នែក និងយល់ពីទឹកចិត្តរបស់កញ្ញា ដែលមាននៅពេលនេះ ព្រោះការបាត់បង់មួយនេះគ្មានមនុស្សណាម្នាក់ចង់ជួបនោះទេ ហើយនេះគឺជាក្តីឈឺចាប់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ជាគោរព ទៅគ្មានថ្ងៃវិលត្រឡប់វិញ៕

ប្រភព ៖ Sreyneath Som