ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែឧសភា លោកស្រី ឱ វណ្ណឌីន បានដឹកនាំក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកថវិកាបង់ថ្លៃពេទ្យ ចំនួន១.៨លានរៀល របស់ក្រសួងសុខាភិបាល ប្រគល់ជូនជនរងគ្រោះប្ដី-ប្រពន្ធ ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍។

បន្ទាប់ពីបានឃើញសភាពរបស់ជនរងគ្រោះហើយនោះ លោក ស្រី ឱ វណ្ណឌីន ក៏បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យព្រះកុសុមៈ ក្រោយក្រសួងយកទៅពិនិត្យ និងស្គេនឡើងវិញ ឃើញថា កដៃរបស់ជនរងគ្រោះ មានសភាពបាក់ខ្លាំង រហូតអាចឈានដល់មានវះកាត់។

ក្រោយពីធ្វើការត្រួតពិនិត្យហើយនោះ ពេលនេះ លោកវេជ្ជបណ្ឌិត គឹម ស៊ុនលី នៃមន្ទីរពេទ្យព្រះកុសមៈ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះជាប្ដី ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាលសុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍ នឹងត្រូវទទួលការវះកាត់នៅរយៈពេល២ថ្ងៃខាងមុខនេះ គឺនៅថ្ងៃអង្គារទី១២ ខែឧសភា ឆ្នាំ២០២០ ក្រោយពីលោកវេជ្ជបណ្ឌិត បានធ្វើការពិនិត្យសារជាថ្មីម្តងទៀតឃើញថា កដៃរបស់ជនរងគ្រោះ មានសភាពបាក់ខ្លាំង។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ៤១ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នកទាំង២ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល និងសម្ពពសុធារិទ្ធបែកចាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដឹកយកមកព្យាបាល។

អ្នកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយរងបួសដាច់រលាត់ដៃជើងសើស្បែក ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះ បានសរសេរនៅក្នុងវិក្ក័យបត្រថា ជនរងគ្រោះបាក់ដៃ និងបាក់ជើង ព្យាបាលលាងរបួសអស់ទឹកប្រាក់ ចំនួន៧១០ដុល្លារ ហើយបង្ខំឲ្យជនរងគ្រោះយកលុយ មកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា៕


