ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ញារជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច លើកំណាត់ផ្លូវជាតិលេខ ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ស្ថិតក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯង បណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ ០១ គ្រឿង ប៉ុន្ដែមិនបង្កឲ្យមានរបួសនោះទេ។

អ្នកបើកបររថយន្តមានឈ្មោះថា សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខ័ណ្ឌ ដង្កោ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក ហុិនដាយ ក្បាលពណ៌ ខៀវ ផ្លាកលេខភ្នំពេញ3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសុឺមីរុឺម៉កផ្លាកលេខភ្នំពេញ4A.4889 ផ្ទុក ស្រាបៀរកម្ពុជា (បើកបរទិសដពីត្បូងទៅជើង) ។

បើតាមសម្តីរបស់ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា មូលហេតុបឋមដែលបង្កឡើងដោយអ្នកបើកបររថយន្ដបើកបរ ក្នុងស្ថានភាពងងុយ។ ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់វណ្ណ:និងមូលដ្ឋាន ឃុំ-សង្កាត់ ជាពិសេសអ្នកបើកបរលើដងផ្លូវ ត្រូវចូលរួម គោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង បង្ការ ទប់ស្កាត់ កាត់បន្ថយអត្រាកំនើន នៃគ្រោះថ្នាក់ចរាចរណ៍៕











ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ