នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ ៖នគរបាល​ចរាចរណ៍​ បាន​ផាកពិន័យ​យានយន្ត​ចំនួន​ ២២,៣៨១​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​ ១៦,៥៧៩​គ្រឿង​ និង​រថយន្ត​ ៥,៨០២​គ្រឿង​ ក្នុងរយៈពេល​១៤​ថ្ងៃ​មកនេះ
-

​រាជធានី​ភ្នំពេញ​ ៖​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បាន​បញ្ជាក់​ថា​ រយៈពេល​១៤​ថ្ងៃ​ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ពោល​គឺ​ថ្ងៃ​ទី​០១-១៤​ ខែឧសភា​ ឆ្នាំ​២០២០​ នគរបាល​ចរាចរណ៍​ បាន​ផាកពិន័យ​យានយន្ត​ចំនួន​ ២២,៣៨១​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​ ១៦,៥៧៩​គ្រឿង​ និង​រថយន្ត​ ៥,៨០២​គ្រឿង​ ។​

​នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​បន្ទុក​ការងារ​ចរាចរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែឧសភា​នេះ​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ បង្ហាញ​លទ្ធផល​យុទ្ធនាការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ តាម​រយៈ​ការ​បង្កើន​នូវ​ទឹកប្រាក់​ផាកពិន័យ​ បន្ទាប់​ពី​ការ​អនុវត្ត​បាន​២​ស​ប្ដា​ហ៍​កន្លង​មក​។​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​បន្ត​អោយ​ដឹង​ទៀត​ថា​ រយៈពេល​១៤​ថ្ងៃនេះ​ គេ​សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ ៩៣​លើក​ ស្លាប់​៤៨​នាក់​ និង​របួស​១២២​នាក់​។​ សម្រាប់​ថ្ងៃ​ទី​១៤​ ខែឧសភា​នេះ​ យានយន្ត​ដែល​ល្មើស​ត្រូវ​បាន​ត្រួតពិនិត្យ​ និង​ផាកពិន័យ​ មាន​១០១២​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​មាន​ ៦៦៩​គ្រឿង​ និង​រថយន្ត​ ៤៤៣​គ្រឿង​ ។​

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​ថា​ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​នេះ​ គឺ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បី​គុណប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ដើម្បី​ការពារ​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ​មិនមែន​ធ្វើ​ឡើង​ដើម្បី​សង្កត់ករ​ ឬ​ក៏​ធ្វើបាប​ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ។​ យ៉ាងណា​ក៏​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ នៅ​តែ​ទ​ទួ​ច​ហើយ​ទ​ទួ​ច​ទៀត​ ដល់​បងប្អូន​ ប្រជាពលរដ្ឋ​នាំ​គ្នា​បន្ត​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​គ្នា​ ហើយ​ប្រសិនបើ​មិន​គោរព​ទេ​នោះ​ មិន​ថា​ឡើយ​នគរបាល​ឬ​មន្ត្រី​អនុវត្ត​ច្បាប់​នានា​ ត្រូវ​តែ​ទទួលទោស​ផាកពិន័យ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ដែរ​ ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ ។​ ជាង​នេះ​ទៅ​ទៀត​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ក៏​បាន​បញ្ជារ​ដល់​គ្រប់​ ស្នងការ​រាជធានី​-​ខេត្ត​ និង​នាយកដ្ឋាន​នានា​ត្រូវ​តែ​ប្រាប់​កូនចៅ​របស់​ខ្លួន​ ឲ្យ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​បើកបរ​យានយន្ត​ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់​មក​នោះ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-