ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ីជ្រាបថា អនុលោមតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សូមបងប្អូនដែលមានបំណងវិលត្រឡប់ទៅកម្ពុជាអនុវត្តតាមការណែនាំដូចតទៅ៖

១. គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងរយៈពេល៧២ម៉ោង។
២. អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេសដែលចូលមកប្រទេសកម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
-ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬ ច្រើននាក់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ រាល់អ្នករួមដំណើរទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
-ក្នុងករណីអ្នកដំណើរទាំងអស់ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩នោះ ពួកគាត់នឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តម្តងទៀតនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។

ដោយឡែក ស្ថានឯកអគ្គរាជទូតសូមជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំង១៤៣នាក់ ដែលបានខកខានដំណើរកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ ហើយដែលពុំទាន់បានផ្តល់ព័ត៏មានរបស់ខ្លួនមកស្ថាតទូត សូមប្រញាប់ទាក់ទងមកស្ថានទូតតាមរយៈ Whatsapp លេខ៖ + 60168594869 (កិច្ចការកុងស៊ុល) + 60112623390 (កិច្ចការពលករ) និង + 85511460505 (កិច្ចការនិស្សិត)។ ស្ថានទូតបាន និងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីឲ្យបងប្អូនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញបានឆាប់។ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី នឹងជូនដំណឹងមកស្ថានទូតអំពីកាលបរិច្ឆេទហោះហើរនាពេលខាងលមុខ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានគំរោងបើកជើងហោះហើរឡើងវិញ (ម៉ាឡេស៊ី-កម្ពុជា) នៅក្នុងខែកក្តដា ឆ្នាំ២០២០ខាងមុខ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី ព្រមទាំងសិស្ស-និស្សិតកម្ពុជាទាំងអស់ជ្រាបជាព័ត៏មាន និងជួយផ្សព្វផ្សាយបន្ត។
