លោក ដួង តារា​ មានបងប្អូនណាស្គាល់លោកយាយ កឹម សុគន្ធ ជាអតីតមន្រ្តីម្នាក់ ត្រូវប្អូនបង្កើតឲ្យចេញពីផ្ទះ ឲ្យរស់នៅយ៉ាងលំបាកវេទនា ដោយសារតែមូលហេតុមួយ...
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះរូបភាពដ៏កំសត់របស់លោកយាយម្នាក់ ដែលបានរស់នៅយ៉ាងកំសត់ ក្នុងបន្ទប់ជួលមួយខែ២០ដុល្លារ ដោយសារតែការទុកចិត្តទៅលើសាច់បងប្អូនបង្កើតខ្លាំងពេក ទើបធ្វើជីវិតរបស់លោកយាយក្លាយទៅជាយ៉ាងនេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង តារា បានឲ្យដឹងថា "សុខសប្បាយជាទេបងប្អូន? បានអ្វីឆ្ងាញ់ទទួលទានល្ងាចនេះ? តោះស្តាប់រឿងលោកយាយអាយុ ៧៥ឆ្នាំបន្តិចមើល!

ថ្មីៗនេះមានលោកយាយម្នាក់ឈ្មោះ កឹម សុគន្ធ អាយុ ៧៥ ឆ្នាំ គាត់បានព្យាយាមនិយាយរឿងកំសត់របស់គាត់ប្រាប់ខ្ញុំ ព្រោះពីអតីតកាលគាត់ធ្លាប់ជាមន្រ្តីម្នាក់ (លេខាទី៣ របស់អគ្គរាជទូត) បម្រើការក្នុងស្ថានទូតខ្មែរនៅប្រទេសឆេកូស្លូវ៉ាគី។ លោកយាយបានសន្សំប្រាក់ខែមួយផ្នែកធំផ្ញើមកអោយប្អូនបង្កើតរួមគ្នាទិញដីនៅស្រុកខ្មែរ ព្រោះគិតថាពេលគាត់ត្រឡប់មកពីបេសកកម្មការងារក្រៅប្រទេសវិញ សង្ឃឹមថានឹងមានដីធ្លីធ្វើផ្ទះរស់នៅនឹងគេ។ គាត់ទុកចិត្តប្អូនបង្កើតនិងក្មួយប្រុសគាត់ណាស់។ គាត់បានប្រាប់ថាលុយជាញើសឈា.មប្រាក់ខែគាត់ដែលមិនហ៊ានញាំអ្វីឆ្ងាញ់ក្នុងពេលធ្វើការនៅក្រៅប្រទេសបានផ្ញើមកអោយប្អូនបង្កើតរួមគ្នាទិញដី ដោយមានក្មួយប្រុសម្នាក់ជាមេធាវី ហើយក៏ជាអ្នកជួយមើលក្រដាសស្នាមផ្លូវច្បាប់ពេលទិញដីដែរ។

ក្រោយពីលោកយាយបានវិលមកពីបំពេញការងារក្រៅប្រទេស ក៏បានមករស់នៅជាមួយប្អូនជាធម្មតា។ ប៉ុន្តែក្រោយពីគាត់បានសួរនាំពីរឿងដីដែលគាត់បានផ្ញើលុយមកអោយប្អូនទិញ គឺធ្វើអោយប្អូនគាត់មិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបាននិយាយពីហេតុផលផ្សេងៗ…ទន្ទឹមនឹងនោះគេក៏បានអោយគាត់ចេញពីផ្ទះ។ ដោយគ្មានលុយសេសសល់ជាប់ខ្លួន លោកយាយក៏បានមកជួលបន្ទប់មួយខែ $20 ដើម្បីរស់កំដរជីវិតចុងក្រោយដោយដេីរបង្រៀនកូនគេដូរយកបាយហូបនិងបង់ថ្លៃបន្ទប់ជួល។ លោកយាយនៅតែមិនអស់ចិត្តទេ ហេតុអីក៏គាត់ត្រូវទទួលរងនូវអំពើអាក្រក់ដូច្នេះទៅវិញ?គាត់បានសាកល្បងតស៊ូតាមផ្លូវច្បាប់ដែរ តែហាក់ដូចជាគ្មានសង្ឃឹមថាឈ្នះគេទេ។

តើមានបងប្អូនណាស្គាល់លោកយាយខាងលើនេះទេ? តើបងប្អូនយល់យ៉ាងណាដែរចំពោះលោកយាយ?

ប្រភព៖ Duong Dara