ងោកមួយភាំងបើករថយន្ដទៅបុក រថយន្ដដែលចតនៅស្ងៀមបណ្ដាលឲ្យខ្ទាតទៅប៉ះរបងធ្លុករងការខូចខាតយ៉ាងដំណំ
ស៊ីហៀង
-

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿងបុករថយន្ដដែលចតទុកក្បែរចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបុកនិងរបងធ្លុករងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០ រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ113ក្បែរវត្តអណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ដឹងថាមានស្រ្ដីម្នាក់បានយករថយន្ដមួយគ្រឿងម៉ាកព្រូសពណ៌ទឹកសមុទ្យ ពាក់ស្លាកលេខភ្នំពេញ2BD-2769 ចតទុកក្បែរនិងរបងការដ្ឋានសាងសង់មួយកន្លែង មួយសន្ទុះក្រោមមកក៏មានបុរសម្នាក់បានបើករថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីសRX330 ពាក់ស្លាកលេខភ្នំពេញ2AY-1938 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកចំនុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នងោកមួយភាំងក៏រេចង្កូតទៅបុកនិងរថយន្ដព្រូសដែលបានចតទុកស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបុករបងធ្លុករងការខូចខាតយ៉ាងដំណំ ចំណែកឯករណីចរាចរណ៍នេះគ្មានអ្នករងរបួសឡើយ។

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ដោយ៖ ភត្រ្តា