ព្រះសីហនុ៖ ជនជាតិចិន៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង០០នាទី រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង០០នាទី ករណីនេះត្រូវបង្ក្រាបបានទាំងស្រុង ចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះជនរងគ្រោះ។

លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤នឹង១០នាទីទៀបភ្លឺ មិត្តភក្តិរបស់គាត់(ជនរងគ្រោះ)ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យបានប្រើគណនីវីឆាតរបស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជនរងគ្រោះ (នៅប្រទេសចិន) ជំរិតទារប្រាក់ចំនួន៥០០,០០០Yuan (ហាសិបម៉ឺនយ័ន្ត) ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ ពួកវានឹងសម្លាប់ចោល។

ករណីនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្រាវជ្រាវដោយយកចិត្តទុកដាក់និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និងចាប់ជនសង្ស័យបាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២នឹង៣០នាទី កម្លាំងសហការបានចាប់ជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិទីរួមខេត្តកំពង់ស្ពឺ ខណៈជិះរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AN-4020 ហើយបានដកហូតយកវត្ថុតាងទូរស័ព្ទចំនួន៣គ្រឿងក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាត ចំនួន២ (មធ្យោបាយជំរិតទារប្រាក់)។ បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និងកម្លាំងអន្តរាគមន៍ពិសេស បន្តធ្វើការស្រាវជ្រាវរំដោះជនរងគ្រោះទាំងយប់ ក្នុងស្ថានភាពស្រាត ដៃទាំងសងខាងមានជាប់ខ្សែស៊ីល និងមានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ(ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុន រួចរត់ចូលក្នុងព្រៃជ្រៅ ខណៈនោះមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងរបស់នៅតែបន្តរុករកយ៉ាងសកម្ម។ រហូតដល់រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង០០នាទី ទើបចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស។

ជនរងគ្រោះឈ្មោះ Wang WenXing ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ូណាន ប្រទេសចិន មុខរបរ រកស៊ី កាន់លិខិតឆ្លងដែនលេខៈ EA5813992 មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសស្នាម ត្រង់ភ្នែក, ដៃ, ជើងនិងពេញខ្លួនប្រាណធ្ងន់ធ្ងរ (អំពើធ្វើទារុណកម្ម)។

ជនសង្ស័យចំនួន ៤នាក់១.ឈ្មោះ Wei ShunCheng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តសានស៊ី ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន), ២.ឈ្មោះ Teng JiaLiang ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តGuang Xi ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន), ៣.ឈ្មោះ Song XiaLing ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តអានហ៊ួយ ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ(គ្មាន), ៤.ឈ្មោះ Zhang YiBo ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ឺណាន ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន)។

វត្ថុតាងចាប់យកបានៈ ទូរស័ព្ទចំនួន ៣គ្រឿង (១គ្រឿងម៉ាកHuaWei ពណ៌ខៀវ របស់ជនរងគ្រោះ,១គ្រឿងម៉ាកi-Phone ពណ៌ទឹកមាស, និង១គ្រឿងទៀតម៉ាក HuaWei ពណ៌ខៀវ), ស៊ីមកាតចំនួន ២ (មធ្យោបាយជំរិតទារប្រាក់), ខ្សែស៊ីល ២ខ្សែរ (ចងដៃជនរងគ្រោះ), ខ្សែពួរ ១ (ចងកភ្ជាប់ជាមួយជើងជនរងគ្រោះ), ស្កុត (រុំដៃជនរងគ្រោះ), រថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 (មធ្យោបាយចាប់ជនរងគ្រោះ)។
ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ៕
ប្រភព៖ cambodiapolice