ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តក្រចេះយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានកន្លងមកទាក់ទងនឹងការផ្ដល់សេវាសាធារណៈតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈដោយដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានភាពប្រសើរឡើង។ លេីសពីនេះទៅទៀត នាពេលខាងមុខនេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ ។ គម្រោងនេះនឹងរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចក្នុងតំបន់ និងប្រទេស តាមរយ: សម្រួលការដឹកជញ្ជូនទំនិញ និងកសិផល ជាពិសេសផ្សារភា្ជប់ទំនាក់ទំនងរវាងបងប្អូនប្រពលរដ្ឋពីត្រេីយ ទៅត្រេីយម្ខាងទៀត ភាពរហ័ស ចំនេញពេលវេលា និងចំនេញថរិកា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តក្រចេះទាំងអស់អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តក្រចេះទាំងអស់នូវពាក្យស្លោកពីរឃ្លាថា៖ សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា និងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន