ស្ទឹងត្រែង ៖ កាលពីថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២០ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលមានការចូលរួមដោយ មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថខេត្តកំពង់ស្ពឺ, ព្រះវិហារ, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប ចាប់បានជនសង្ស័យម្នាក់ លួចគាស់ទម្លុះទម្លាយ យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ដែលមានតម្លៃសរុបជាង ៣៦,០០០ដុល្លារ។

ជនសង្ស័យមានឈ្មោះ ប៉ិច ផាណ្ណៈ អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) និងយកទ្រព្យសម្បត្តិសរុបជាង ៣៦,០០០ដុល្លារនៅចំណុចភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវអាវុធហត្ថជំនាញបង្រ្កាបបាននៅស្រុកក្រឡាញ់ ខេត្តសៀមរាប ឈានដល់ ថ្ងៃទី១១ មិថុនា នេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕


