ស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ ១៣,៩៨៩ដប សង្ស័យមានសារធាតុពុល ត្រូវបានសមត្ថកិច្ចដកហូត
-

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរនូវប្រភេទ ស្រាថ្នាំឈ្មោះស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មាថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែន តាំង កួយ នេះ បណ្តាឲ្យស្លា ប់ និងយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលបានឲ្យដឹងថា ៖ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសង្ស័យថា ពុលស្រាចិនសែន តាំង កួយ កើនឡើង០២នាក់បន្ថែមទៀត សរុបចំនួន ០៦ នាក់ និងត្រូវបានសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងសរុបចំនួន ៣២នាក់ ហើយបានបញ្ជូនទៅពេទ្យសៀមរាបចំនួន ០៣ នាក់ និងម្នាក់ធ្ងន់កំពុងលាងឈាមសង្គ្រោះបន្ទាន់។

ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះ កាលពីថ្ងៃទី ១០.១១ ខែ​មិថុនា ឆ្នាំ ២០២០ មកទល់ពេលនេះ មន្រ្តីសាខាកាំកុងត្រូលខេត្ត មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចំរុះ បានចុះធ្វើការដកហូតប្រភេទស្រាថ្នាំចិនសែន ម៉ាក តាំង កួយ ដែលគេសង្ស័យថាមានសារធាតុពុលបណ្តាលឲ្យមនុស្សស្លាប់ និងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់។

ជាលទ្ធផលសរុបដែលមន្រ្តីជំនាញដកហូត បាននូវប្រភេទស្រាថ្នាំចិនសែន តាំង កួយ នេះរួមមាន ៖ ក្រុងសិរីសោភ័ណ ១ទីតាំងសរុបចំនួន​៩១៨ដបស្មើ និង ៤៥៩លីត្រ ស្រុកថ្មពួក ៣ទីតាំងមាន ១៤៤ដបស្មើ ៧២លីត្រ ក្រុងប៉ោយប៉ែត ១៥ ទីតាំងមានចំនួន ១២,៩២៧ដបស្មើរ ៦,៤៦៣លីត្រ សរុប ១៩ទីតាំងស្មើ ១៣,៩៨៩ដប និង ៦៩,៩៤៥លីត្រ ។

សូមបញ្ជាក់ថា លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបានឲ្យដឹងថា៖ នាថ្ងៃបន្ទាប់ មន្រ្តីជំនាញ បានចុះធ្វើការដកហូតនូវប្រភេទ ស្រាថ្នាំចិនសែន តាំង កួយ នេះជាបន្តបន្ទាប់ក្នុងផ្សារ ឬតូបលក់តាមភូមិ​ ឃុំមួយចំនួនក្នុងខេត្តបន្តទៀត ៕

ប្រភព៖ cambodiapolice