ភ្នំពេញ៖ ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា 5" ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ផា។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងលក់លេខពិសេស មានអាសយដ្ឋាន https://vehicle.mpwt.gov.kh ។
ថ្ងៃនេះជាលើកទីពីរហើយ ដែលក្រសួងបានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាដែលបានប្រគល់ជូនលើកនេះមានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។
យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ប្រគល់ថវិកានេះជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជាដោយដាក់បញ្ចូលទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីចូលរួមចំណែកក្នុងការពិនិត្យនិងការព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការលក់លេខពិសេសផ្ទាល់ខ្លួនដែលត្រូវបានដាក់ឲ្យអនុវត្ត កន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណ ការ និងដឹកជញ្ជូនបានបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដើម្បីជា គុណប្រយោជន៍ដល់ថវិកាជាតិ។ ចំណូលពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5” ដែលទទួលបាន ទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០រៀលគឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់គួរជាទីមោទនៈ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួល បាននូវលទ្ធផលល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកចំណូលជូនរដ្ឋបានកាន់តែច្រើន៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន