បើយោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយតាមបណ្តាញសង្គម ដែលមានគណនី ឈ្មោះ Mich Heang លើកឡើងថា ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ គណនីដែលមានឈ្មោះ Mich Heang បាន បង្ហោះខ្លឹមសារតាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងថា “បើកបររថយន្តដាក់ខ្សែក្រវ៉ាត់ហើយនៅផាកពិន័យទៀត “ ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ម្ចាស់គណនី GiGi Coffee ដែលមានឈ្មោះ សន សុភា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង និងម្ចាស់រថយន្តដែល មានស្លាកលេខ ភ្នំពេញ 2X-7315 ត្រូវជាប្តីបានចូលមកបំភ្លឺនៅជុំវិញការបង្ហោះវីដេអូ និងសរសេរខ្លឹមសារចោទមកលើ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសារភាពទទួលស្គាល់កំហុសដែលបាន បង្ហោះវីដេអូនៅលើបណ្តាញសង្គម គឺជារឿងដែលបំភ្លៃខុសពីការពិត ដោយប្តីខ្លួនពិតជាបើកបររថយន្តមិនបានពាក់ខ្សែ ក្រវ៉ាត់ប្រាកដមែន ហើយបានធ្វើលិខិតសុំការអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ ដែលបានប្រឌិតរឿងមិនពិត មិន គប្បីមកលើកងកម្លាំងនគរបាលជាតិ ពិសេសមកលើនគរបាលចរាចរណ៍ផ្លូវគោក ។

បន្ទាប់ពីបានចូលមកសារភាពទទួលកំហុសរួចមក លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានឲ្យធ្វើការអប់រំណែនាំ រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។

សេចក្ដីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងគណនី ឈ្មោះ Mich Heang សូមកុំឲ្យមានការភាន់ច្រឡំមកលើមន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងបន្តទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
យើងខ្ញុំរង់ចាំទទួលស្វាគមន៍ជានិច្ច នូវការចូលរួមកែលម្អក្នុងន័យស្ថាបនា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង