ពោធិ៍សាត់៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហា ប្រឈមក្រៅប្រព័ន្ធតុលាការ «សមាជ» តាមការគ្រោងទុក ក្នុងមួយសប្ដាហ៍ ២ដង ។
លោកគឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ មកពីបណ្តាស្រុក ក្រុង ក្នុងខេត្តពោធិ៍សាត់ បានមកជួបលោកអភិបាលខេត្ត ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហា ។ បញ្ហាទាំងអស់នោះរួមាន ៖ រឿងទំនាស់ដីស្រែ, ទំនាស់ដីភូមិ, ទំនាស់ផ្លូវដើរ, ទំនាស់ព្រំដី,ហិង្ស ានៅក្នុងគ្រួសារជាដើម។
ការប្រារព្ធធ្វើនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។
សូមជម្រាបជូនផងដែរថា ចំពោះបញ្ហាដែលប្រជាពលរដ្ឋ លើកឡើងទាំងអស់នេះ គឺត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្ត ធ្វើការដោះស្រាយជូនបងប្អូនភ្លាមៗ តាមលទ្ធភាពជាក់ស្តែង ដោយបញ្ជាក់ឲ្យច្បាស់ពីមេភូមិ មេឃុំ ប៉ុស្តិ៍រដ្ឋបាល អភិបាលក្រុង និងមន្រ្តីជំនាញ ជច្រើនរូបទៀត។
ចំពោះបញ្ហាទាំងអស់នេះ លោក ម៉ៅ ធនិន សូមឲ្យប្រជាពលរដ្ឋដែលមានបញ្ហាទាំងអស់គ្នា និយាយតែការពិត ហាមនិយាយយកឈ្នះគ្នា ដោយគ្មានគោលការណ៍ត្រឹមត្រូវ ។ ចំពោះដំណោះស្រាយដ៏ប៉ិនប្រសព្វ មានគុណធម៌ និងភាពឈ្លាសវៃ របស់លោកអភិបាលខេត្តពោធិ៍សាត់ បានធ្វើឱ្យភាគីទាំងសង្ខាងទទួលយកដោយការពេញចិត្ត មានភាពកក់ក្ដៅ និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ។
មហាជនបានបង្ហាញពីការគាំទ្រ ចំពោះចំណាត់ការមួយនេះ ព្រោះអាចធ្វើការដោះស្រាយគ្នាដោយផ្ទាល់មុខ ពិសេស ក្រោមការភាពឈ្លាសវៃរបស់លោក បានធ្វើបងប្អូនប្រជាពលរដ្ឋជាច្រើន កោតសរសើរចំពោះចំណាត់ការរបស់លោកជាខ្លាំង ៕
មានវិដេអូ៖
ប្រភព៖ ទូរទស្សន៍ ពោធិ៍សាត់