ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានជ្រាបហើយថា នៅកាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងនឹងផ្លូវ ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍នេះដែរមាននារីម្នាក់បានស្លា ប់ និងបុរសម្នាក់បានរងរបួសធ្ងន់ ចំពោះនារីដែលបានស្លា ប់ ត្រូវបានគេស្គាល់ថា ជាតារាហ្វេសប៊ុក ដែលមានឈ្មោះថា គ្រី សុខដាឡែន ហៅអាជ្រុយ ហើយចំណែកបុរសម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះថា ទៀត គីមហេង ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បច្ចុប្បន្នលេងឲ្យក្លឹបបាល់ទាត់ វិសាខា ។

យ៉ាងណាមិញបន្ទាប់ពីបានទទួលដំណឹងដ៏គ្រៀមក្រំមួយនេះរួចបានឃើញថាឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានទៅសួរសុខទុក្ខ កីឡាករ ទៀត គីមហេង ដល់មន្ទីពេទ្យកាល់ម៉ែត្រនិងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ទុកសម្រាប់ការព្យាបាលរបួស ។

ទន្ទឹមនិងនេះដែរបើយោងទៅតាមការបង្ហោះពីលោក ទៀត ចំរើន ដែលជាឪពុករបស់ ទៀត គីមហេង បានធ្វើការបង្ហោះបញ្ចាក់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ “ ខ្ញុំបាទនិងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញមកសួរសុខទុក្ខកូនរបស់ខ្ញុំបាទដល់មន្ទីរពេទ្យកាល់មែត ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញវេលាម៉ោង ១ រំលងអាទ្រាធ ឈានចូលថ្ងៃទី ២៧ ៦ ២០២០ និងបានឧបត្ថម្ភថវិកាចំនួន១០០០$ សំរាប់ព្យាបាលផងដែរ ” ៕





