ថ្មីរហូត! ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ដើម ត្រូវបានលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ
-

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា​ ទីបំផុត ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ដើម ត្រូវបានចាប់ផ្តើមដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ!

កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលជាអ្នកផ្តួចផ្តើមគំនិត និងឧបត្ថម្ភដើមផ្កាទាំងអស់នេះជូនដល់រដ្ឋបាលស្រុកបន្ទាយស្រីដាំលម្អនៅតាមដងផ្លូវ។ ក្នុងនោះក៏មានការចូលរួមពីបងប្រធាន ប្រាក់​ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនសសយកខេត្ត យុវជនស្ម័គ្រចិត្តមកពីអង្គការដៃគូ មន្ត្រីរាជការនៅក្នុងស្រុក ប្រជាការពារ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះដោយផ្ទាល់ផងដែរ។ វត្តមាន និងការចូលរួមរបស់ប្រជាជនទាំងនេះជាការចាំបាច់ណាស់ដើម្បីជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កាបន្ថែមផងដែរ។

ក្នុងនាមអភិបាលស្រុក ខ្ញុំបាទសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សែម សុវណ្ណនី ដែលបានជួយជ្រោមជ្រែងអោយរដ្ឋបាលអាចរៀបចំកែលម្អសោភ័ណភាព និងបន្ថែមភាពស្រស់បំព្រងនៅតាមដងផ្លូវដ៏សំខាន់មួយនេះអោយស័ក្តិសមជាស្រុកទេសចរណ៍។ រដ្ឋបាលស្រុកនឹងបន្តស្វែងរក និងរៀបចំដាំដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាប្រភេទនេះបន្ថែមទៀត អោយបានពេញតាមបណ្តោយដងផ្លូវទាំងមូល ក៏ដូចជាអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមដាំផ្កាផ្សេងៗទាំងតូចទាំងធំ ទាំងខ្ពស់ទាំងទាប នៅតាមរបង និងតាមមុខផ្ទះបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងសម្រាប់ភ្ញៀវទេសចររាប់លាននាក់ដែលឆ្លងកាត់ផ្លូវនេះក្នុងមួយឆ្នាំៗ។ ២០២០បន្ទាយស្រីស្អាត បន្ទាយស្រីដែនដីដ៏ស្រស់ត្រកាល។

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan