ថៃបញ្ជូនខ្លួន ពលរដ្ឋខ្មែរចំនួន៣នាក់ មកកម្ពុជាវិញ ក្រោយពីជាប់ទោសជិត៣ឆ្នាំក្នុងទឹកដីថៃ ពីបទ...
-

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អ្នកទោសខ្មែរចំនួន៣នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនខ្លួនមកឲ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ក្រោយពីជាប់ទោសជិត៣ឆ្នាំក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។

ពលរដ្ឋខ្មែរទាំង៣នាក់មានទី១. ឈ្មោះ ថា ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី២. ឈ្មោះ តេង សឿ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី៣. ឈ្មោះ ឈុន ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា  អ្នកទោសខ្មែរទាំង៣នាក់ ដែលថៃបញ្ជូនខ្លួនមកវិញនេះ គឺមាន២នាក់ ត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ និងម្នាក់ទៀតចាប់ខ្លួននៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងតាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ និងត្រូវបាននាំឃុំខ្លួន នៅស្រុកខានលថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។

បន្ទាប់ពីធ្វើការសម្អាតខ្លួនប្រាណដោយទឹកអាកុល ហើយនោះ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ បញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងអនុញ្ញាតឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕