ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: បានចេញដីការបង្គាប់ឲ្យឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន ចោទប្រកាន់ ចំនួន៣បទល្មើស រួមមាន បទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។ ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមានបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឲ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងយ៉ាងដូច្នេះថា៖ «គាត់ (លោក ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡនេះតែម្តង»។ លោក ឱម យ៉ិនទៀង បានជឿជាក់ថា ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។