ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ជូនសេចក្តីដំណឹងស្តីពី ការអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេ (KTV) ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបាន ដោយប្រែក្លាយជាភោជនីយដ្ឋាន។

យោងតាមសេចក្តីប្រកាសព័ត៏មានលេខ ០៥ ប្រភព ចុះថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់ នៅរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់ នៅរាជធានីភ្នំពេញបើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖
ទី១៖ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយរបស់រាជធានីភ្នំពេញ
ទី២៖ គោរពឱ្យបានម៉ឹងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ទាំងអស់ មេត្តាជ្រាប និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
