បើយោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា "សម្ដីលើកទឹកចិត្តមួយម៉ាត់ក្នុងគ្រាបរាជ័យ មានន័យជាងពាក្យសរសើរក្នុងគ្រាជោគជ័យ
ការនិយាយលើកទឹកចិត្ត ការលូកដៃជួយជ្រោងគេឡើង និងការពោលពាក្យសរសើរមួយម៉ាត់នៅគ្រាដែលនរណាម្នាក់បរាជ័យ វាពិតជាមានន័យនិងគុណតម្លៃដ៏មហិមា។ ពោលគឺមានន័យខ្លាំងណាស់សម្រាប់អ្នកដែលជួបឧបសគ្គ បាក់ទឹកចិត្ត និងអស់សង្ឃឹម។ ឧទាហរណ៍ នៅពេលឃើញមិត្តភក្តិណាម្នាក់បរាជ័យឬកំពុងជួបឧបសគ្គ ហើយយើងចេះនិយាយពាក្យលួងលោម លើកទឹកចិត្ត និងនិយាយគាំទ្រ នោះគេនឹងមានកម្លាំងចិត្តឡើងវិញ។ ដូចគ្នាដែរបើយើងឃើញអ្នកស្រេកឃ្លានឬអ្នកដែលមានជីវភាពក្រលំបាក ហើយយើងឱ្យបាយគេតែមួយចាន ក៏វាមានន័យខ្លាំងណាស់ដែរ។ គឺធ្វើឱ្យគេសប្បាយចិត្ត ធ្វើឱ្យគេត្រេកអរ ហើយគេថែមទាំងដឹងគុណយើងទៀតផង។ ព្រោះថាអ្នកស្រេកឃ្លានឬអ្នកកំពុងខ្វះខាត ពួកគេមិនចង់បានអ្វីច្រើននោះទេ បានអាហារញ៉ាំតែមួយពេលគឺច្រើនណាស់ទៅហើយ។

ផ្ទុយទៅវិញ ពាក្យសរសើរ ការចែករំលែក និងការលើកទឹកចិត្តទាំងឡាយ នឹងហាក់គ្មានន័យអ្វីទាល់តែសោះ បើយើងធ្វើចំពោះនរណាម្នាក់ដែលគេមិនត្រូវការ។ មានន័យថា បើយើងនិយាយសរសើរលើកទឹកចិត្ត និងចែករំលែកដល់បុគ្គលដែលគេជោគជ័យរួចហើយ គឺគ្មានប្រយោជន៍នោះឡើយ។ ឧទាហរណ៍ បើគេមានហូរហៀរហើយស្រាប់តែយើងយកបាយមួយចាន និងសម្លម្ជូរមួយចានទៅឱ្យគេ នោះគេអាចនឹងមិនសប្បាយចិត្តទេ ហើយជួនកាលគិតថាយើងមើលងាយគេថែមទៀតផងក៏ថាបាន។ បើយើងឃើញគេជោគជ័យលើអាជីវកម្មអ្វីមួយ ហើយយើងទៅនិយាយសរសើរគេ គេក៏មិនត្រូវការពាក្យសរសើររបស់យើងដែរ។ ដូច្នេះ “ពាក្យសរសើរមួយម៉ាត់ពេលគេបរាជ័យ វាមានន័យខ្លាំងបំផុត គឺមានន័យជាងពាក្យសរសើររាប់ពាន់ម៉ាត់នៅពេលគេបានជោគជ័យទៅទៀត”។

សូមចូលរួមជាមួយនឹងសង្គមដោយក្តីស្រឡាញ់ ដោយការយកចិត្តទុកដាក់ និងដោយការចែករំលែក។ យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សដូចគ្នាតែមួយ ដូច្នេះហើយសូមចូលរួមចំណែកធ្វើអំពើល្អ ផ្តល់សេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ពិសេសត្រូវចូលរួមចំណែកចែករំលែកដល់បុគ្គលដែលត្រូវការកម្លាំងចិត្តតាមរយៈពាក្យសម្ដីរបស់យើង។ អ្នកដឹងទេ នៅលើពិភពលោកមានអ្នកប្រាជ្ញជាច្រើនដែលបាន និងកំពុងអភិវឌ្ឍផ្នត់គំនិតនិងចំណេះដឹង ហើយការចែករំលែក និងបង្រៀននូវផ្នត់គំនិត ព្រមទាំងចំណេះដឹងទាំងអស់នោះជាមួយអ្នកដទៃ គឺវាជាទម្រង់មួយនៃការងារសប្បុរសធម៌ដើម្បីភាពប្រសើរឡើងនៃមនុស្សជាតិ។ ដូច្នេះទើបខ្ញុំតែងនិយាយថា សិល្បៈនៃការជួយ គឺការជួយដោយជាក់ស្តែង សិល្បៈនៃការចែករំលែក គឺចែករំលែកដោយជាក់ស្តែង ប៉ុន្តែការជួយនិងការចែករំលែក ពុំមែនតែងតែមានន័យថាជាការជូនអំណោយឬលុយកាក់អ្វីនោះទេ ប៉ុន្ដែត្រឹមតែពាក្យសម្ដីលើកទឹកចិត្តគេតែមួយម៉ាត់នោះ ក៏រាប់ថាជាការចែករំលែកដ៏ប្រពៃណាស់ទៅហើយ។ ព្រោះហេតុអ្វី? ព្រោះការរួមចំណែកជួយដល់សង្គម មិនសន្មតថាយើងត្រូវតែបរិច្ចាគលុយឬទ្រព្យសម្បត្ដិនោះទេ តែបរិច្ចាគត្រឹមតែទឹកចិត្ដ និងជួយជាគំនិត នោះក៏ជាសិល្បៈនៃការចែករំលែកជួយដល់សង្គមដែរ។

ការដែលមានក្តីស្រឡាញ់ ការចេះអធ្យាស្រ័យ និងការអនុគ្រោះ នឹងអាចផ្ដល់ឱ្យយើងនូវទំនុកចិត្ដ និងឱ្យយើងអាចធ្វើនូវរឿងរ៉ាវល្អៗជាច្រើនជូនដល់សង្គម ខ្លួនឯង គ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោកទាំងមូល។ ដូច្នេះ សូមយើងទាំងអស់គ្នាចែករំលែកក្តីស្រឡាញ់ ផ្តល់ក្តីអនុគ្រោះ និងមេត្តាធម៌ដល់គ្នាទៅវិញទៅមក ដើម្បីយើងអាចរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព ក្តីចម្រុងចម្រើន និងការអភិវឌ្ឍ៕ សម្រង់ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP"។










ប្រភព៖ Oknha Dr. Mengly J. Quach