បើយោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុចុះពិនិត្យនិងវាយតម្លៃកុលាលភាជន៍ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរឹបអូសពីជនជាតិវៀតណាមកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ និងទទួលយកមកថែរក្សានៅមន្ទីរវប្បធម៌ខេត្ត។

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្យសិល្បៈខេត្តព្រះសីហនុ បានចុះទៅពិនិត្យ វាយតម្លៃ និងទទួលយកភាជន៍ចំនួន២៨៤ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរឹបអូសបានពីជនជាតិវៀតណាមឈ្មោះ ឡេ វាន់ហួន បានស្រង់ភាជន៍ចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែលចន្លោះរវាងកោះតាគៀវ និងកោះឬស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយពីបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ក្រុមការងារអាចសនិ្នដ្ឋានបានថា ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណដែលមានអាយុកាលក្នុងចន្លោះពីស.វទី១៥ ដល់១៧នៃគ.ស.។

តាមសេចក្តីសម្រេចរបស់ព្រះរាជអជ្ញារង និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រគល់កុលាលភាជន៍ទាំងនោះជូនមន្ទីរវប្បធម៌ខេត្ត យកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។







ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: