ប្រទេសប៊ូស្វាណា៖ ក្រុមហ៊ុនពេជ្រ Debswana ដែលកំពុងប្រតិបត្ដិការនៅក្នុងប្រទេសប៊ូស្វាណា បាននិយាយកាលពីថ្ងៃពុធថាខ្លួនបានរកឃើញត្បូងដែលមានទំហំ ១,០៩៨ ការ៉ាត់ដែលវាត្រូវបានគេពិពណ៌នាថាជាត្បូងធំទី ៣ នៅលើពិភពលោក ។ត្បូងដ៏ធំមួយនេះ ត្រូវបានគេរកឃើញនៅថ្ងៃទី ១ ខែមិថុនា ក៏ត្រូវបានយកទៅបង្ហាញជូនដល់ប្រធានាធិបតីប្រទេសប៊ូស្វាណា លោក Mokgweetsi Masisi នៅឯរដ្ឋធានី Gaborone ។
លោកស្រី Lynette Armstrong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនពេជ្រ Debswana បានមានប្រសាសន៍ថា“ ត្បូងដែលក្រុមហ៊ុនបានរកឃើញនេះ វាត្រូវបានគេជឿជាក់ថាគឺជាត្បូងដែលមានគុណភាពបំផុតនិងធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក” ។
លោកស្រីបាននិយាយថា“ នេះគឺជាប្រភេទត្បូងដ៏កម្រនិងអស្ចារ្យបំផុត” ហើយការរុករកឃើញនូវត្បូងប្រភេទនេះនៅក្នុងប្រទេសប៊ូស្វាណា វានាំមកនូវក្តីសង្ឃឹមដល់ប្រទេសជាតិដែលកំពុងជួបការលំបាក។
ជាពិសេសការុករករ៉ែនិងត្បូងនានា គឺជាការបណ្ដាក់ទុនរវាងរដ្ឋាភិបាលប្រទសប៊ូស្វាណានិងក្រុមហ៊ុនពេជ្រយក្សនៅក្នុងពិភពលោកឈ្មោះ De Beers ។
ជាងនេះផងដែរ ត្បូងពេជ្រធំបំផុតទី១នៅលើពិភពលោកគឺត្បូង Cullinan មានទំហំ ៣.១០៦ ការ៉ាត់ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥ ។
ចំណែកឯត្បូងធំជាងគេទី ២ គឺមានទំហំ ១.១០៩ ការ៉ាត់ មានឈ្មោះថា Lesedi La Rona ដែលជាពេជ្រមានទំហំប៉ុនគ្រាប់បាល់វាយកូនគោល ត្រូវបានគេរកឃើញនៅកន្លែងជីករ៉ែ Karowe ភាគឥសាននៃប្រទេសប៊ូស្វាណាកាលពីឆ្នាំ ២០១៥ ។លើសពីនេះទៅទៀតប្រទេសប៊ូស្វាណាគឺជាប្រទេសដែលផលិតពេជ្រឈានមុខគេបំផុតនៅក្នុងទ្វីបអាហ្វ្រិក ហើយត្បូងធំបំផុតលើពិភពលោកទី៣ នេះមានតម្លៃរហូតដល់ទៅ ៣៦,៣០០,០០០ ដុល្លា៕
សម្រួលអត្ថបទេដោយ៖ SOPHEA
ប្រភព៖ Bangkok Post