ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំងបន្ថែម និងកំពុងពិចារណា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣ និងក្មេងអាយុក្រោម១៨ឆ្នាំ
សីហា
-

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័តមានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងចាក់ជូនក្មេងក្រោមអាយុ១៨ឆ្នាំ ។

យោងតាមប្រភពខាងលើ នៅក្នុងកិច្ចប្រជុំនេះ, សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យគ្រប់ក្រសួងស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ឧបករណ៍តេស្ដរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំ ដើម្បីទិញឧបករណ៍តេស្ដរហ័ស សម្រាប់ប្រើប្រាស់នៅក្នុងសាមីក្រសួង/ស្ថាប័ន។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ការធ្វើចត្តាឡីស័កចំពោះពលករ និងប្រជាពលរដ្ឋ ដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍។

សម្តេចតេជោ បានបញ្ជាក់ដែរថា គ្រប់ក្រសួង/ស្ថាប័ន ត្រូវអនុវត្តការងារតាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ៕ អត្ថបទដោយ ជីម ភារ៉ា (ខ្មែរញ៉ុវ)