កីឡាករបាល់ទាត់ ឡេង ណូរ៉ា គឺជាកីឡាវ័យក្មេងមួយរបស់កម្ពុជាដែលកំពុងតែមានឈ្មោះបោះសម្លេងខ្លាំងនាពេលបច្ចុប្បន្ន។ ជាងនេះផងដែរនៅលើទីលាននៃជំនួប U23 រវាង ប្រ៊ុយណេ និងភីលីពីន ទម្រង់លេងរបស់កីឡាកររូបនេះពិតជាមានភាពស្វាហាប់ ជាមួយនឹងបច្ចេកទេសនៃការបញ្ជូនបាល់ដ៏អស្ចារ្យ ដែលកំពុងតែទាក់ទាញទស្សនិកជនជាច្រើនចំពោះការបង្ហាញខ្លួននៅលើទីលាន។ ជាងនេះផងដែរ ទស្សនិកជនជាច្រើន ពិតជាចង់ដឹងណាស់ថា អំពីប្រវត្ដិរបស់កីឡាកររូបនេះ ក្រោយពីឃើញកីឡាករ ឡេង ណូរ៉ាមានរូបសម្បិត្ដិ ពណ៌សម្បុរខុសពីកីឡាករដទៃទៀតដែលជាសមាជិកនៅក្នុងក្រុម តំណាងជាតិ។
បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ ទទក បានឲ្យដឹងថា កីឡាករ ឡេង ណូរ៉ា គឺជាកីឡាករជម្រើសជាតិកម្ពុជាមួយរូប វ័យ ១៧ឆ្នាំ ដែលត្រូវបានម្ដាយបញ្ជូនមកមណ្ឌលកុមារកំព្រាដែលមានទីតាំងមួយកន្លែងនៅសង្កាត់ភ្នំពេញថ្មី ក្រោយពីការស្លាប់របស់ឪពុករបស់គាត់ ក្នុងកំឡុងពេលដែលកីឡាកររូបនេះមានអាយុទើបតែ៦ឆ្នាំ ដោយកីឡាកររូបនេះមានបងប្អូនបង្កើតចំនួន ៤នាក់។
ក្នុងនោះដែរ ប្រភពខាងលើក៏បានបន្ដថា ក្រោយពីមកស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា កីឡាកររូបនេះ ទទួលបានការយកចិត្ដទុកដាក់យ៉ាងខ្លាំងពីឪពុកម្ដាយនៅក្នុងមណ្ឌលកុមារកំព្រាមួយនោះ ជាមួយនឹងឱកាសទទួលបានការសិក្សារៀនសូត្រ ម្យ៉ាងវិញទៀតកុមាររូបនេះចូលចិត្ដលេងបាល់ខ្លាំងណាស់ ដោយក្នុងឆ្នាំ2019 រូបគេ បានវិវត្ដន៍ខ្លួនអាចចូលលេងនៅក្នុង U15 របស់ក្លឹបបាល់ទាត់វិសាខា រហូតដល់រូបគេអាចឈ្នះពានជាច្រើនផងដែរដូចជា ជើងឯកវិទ្យាល័យ, Soccer League ជើងឯកយុវជន FFC, KMH CUP U18 មុននឹងផ្ទេរទៅក្លឹបបាល់ទាត់នៅព្រៃវែង និងបានត្រលប់មកក្លឹបធំវិសាខាវិញក្នុងឆ្នាំ២០២០។
គូរបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិ ឡេង ណូរ៉ា គឺជាកីឡាករវ័យក្មេងបំផុតរបស់កម្ពុជា ក្នុងជំនួបជាមួយក្រុមអឺរ៉ាក់ដែលធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបច្ចុប្បន្នរូបគេគឺជាកីឡាករដែលជាប់ជម្រើសជាតិនៅក្នុងការប្រកួតពានរង្វាន់ AFF U23 Championship ផងដែរ។











ប្រភព ៖ ទទក
កែសម្រួលដោយ ៖ Qi an