យើងដឹងហើយថា ដាយណូស័រដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនក្បាល បានបាត់បង់ពីភពផែនដី ដោយសារតែមានការធ្លាក់នូវអាចម៌ផ្កាយ ធ្លាក់ចុះមកលើផែនដី ពីលំហអាកាស ដែលជាមូលហេតុធ្វើឱ្យមនុស្សជាតិ ជាពិសេសអ្នកវិទ្យាសាស្ដ្រ កំពុងតែនាំគ្នារកមធ្យោបាយនានាដើម្បីធ្វើការទប់ស្កាត់មិនឱ្យមានហេតុការណ៍មួយនោះ មកលើមនុស្សជាតិម្ដងទៀត ។ ប្រសិនបើមិនមានវិធានការណ៍ តើជីវិតមនុស្សជាតិនឹងទៅជាយ៉ាងណា តើយើងអាចមានឱកាសរួចផុតពីគ្រោះអន្ដ រាយ មួយនោះបានដែរឬទេ?
បើយោងតាមទីភ្នាក់ងារ Global Challenges Foundation ដែលជាអង្គភាពមួយ កំពុងតែធ្វើការ ខិតខំកាត់បន្ថយបញ្ហាសកលដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ បានធ្វើការរៀបចំការវាយតម្លៃប្រចាំឆ្នាំអំពីគ្រោះថ្នាក់នៃគ្រោះមហន្តរាយសកលបាននិយាយថា "អាចម៍ផ្កាយនៅជិតផែនដីដ៏ធំបំផុតមាន (អង្កត់ផ្ចិត > 1 គីឡូម៉ែត្រ) មានសក្ដានុពលក្នុងការបង្កឱ្យមានបម្រែបម្រួលភូមិសាស្ត្រ និងឥទ្ធិពលអាកាសធាតុនៅលើមាត្រដ្ឋានពិភពលោក ដែលវាអាចបង្កគ្រោះថ្នាក់ និង រំខានដល់អរិយធម៌របស់មនុស្សជាតិ ដែលអាចឈានទៅដល់ការផុតពូជ ដូចសម័យដាយណូស័រ វ»។ ដូច្នេះ តើយើងគេចផុតពីជោគវាសនាដ៏អាក្រក់ដែលដាយណូស័របានជួបដោយរបៀបណា? ដោយបានរៀបរាប់ថា ប្រទេសចិនអាចនឹងមានចម្លើយ អំពីការបង្ការទាំងនោះ ដោយបានលើកឡើងសុភាសិតចិនថា គឺត្រូវស្គាល់សត្រូវរបស់ខ្លួនឯងជាមុនសិន។
សាកលវិទ្យាល័យឈានមុខគេរបស់ចិនបានចាប់ផ្តើមសាងសង់ប្រព័ន្ធអង់តែនរ៉ាដាដ៏ធំជាង 20 ដើម្បីតាមដានអាចម៍ផ្កាយដែលអាចបង្កការគំរាមកំហែងដល់ផែនដី។ វិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងទទួលបន្ទុកលើគម្រោងកម្មវិធីមួយដែលមានឈ្មោះថា China Fuyan (ឬ "ភ្នែកផ្សំ") នេះបើតាមការរាយការណ៍ពី Space.com ។
ទោះបីជាគេដឹងតិចតួចអំពីគម្រោងនេះក៏ដោយ ក៏សារព័ត៌មានចិនណែនាំថា ប្រព័ន្ធនេះនឹងក្លាយជាប្រព័ន្ធរ៉ាដាដែលទៅដល់ឆ្ងាយបំផុតរបស់ពិភពលោក។ វាស្វែងរកការចាប់យក តាមដាន និងវាយតម្លៃលទ្ធភាពនៃអាចម៍ផ្កាយដែលជះឥទ្ធិពលលើផែនដី ដោយឆ្លុះបញ្ចាំងពីសញ្ញារបស់អាចម៍ផ្កាយក្នុងចម្ងាយ ៩៣ លានម៉ាយ (១៥០ លានគីឡូម៉ែត្រ) នៃផែនដី ឬប្រហែលឆ្ងាយដូចព្រះអាទិត្យ។
រហូតមកដល់ពេលនេះ អង់តែនពីរត្រូវបានសាងសង់នៅទីតាំងមួយក្នុងទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ យោងតាមការបោះពុម្ភផ្សាយជាភាសាចិន Science and Technology Daily ត្រូវបានគេរំពឹងថានឹងត្រូវបានសាកល្បង និងដំណើរការនៅខែកញ្ញា។
ថ្មីៗនេះ ការពិនិត្យឡើងវិញចុងក្រោយបង្អស់របស់បណ្ឌិតសភាវិទ្យាសាស្ត្រ វិស្វកម្ម និងវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក ក៏បានស្នើផងដែរថា រ៉ាដាដែលមានមូលដ្ឋានលើដីអាចជាអាវុធដ៏ខ្លាំងបំផុតមួយរបស់មនុស្សជាតិ សម្រាប់ការពារផែនដីប្រឆាំងនឹងអាចម៍ផ្កាយ។