បន្ទាប់ពីម្ដាយក្មេក របស់លោក ព្រាប សុវត្ថិ បានប្រកាសតាមបណ្ដាញសង្គមថា សាត រស្មី ជាអនាគតចៅប្រសារ ធ្វើឲ្យគេងឿងឆ្ងល់បន្ថែមទៀតថា តើសមាជិកក្នុងគ្រួសារលោក ព្រាប សុវត្ថិ ម្នាក់ណា នឹងត្រូវជាគូអនាគតរបស់តារាសម្ដែងសាច់សខ្ចីរូបនេះ។
បើតាមការឆ្លើយឆ្លងរបស់ម្ដាយក្មេកលោកព្រាប សុវត្ថិ មាន Account ឈ្មោះ Chan Thou Phoum Phka ជាមួយអ្នកលេងបណ្ដាញសង្គម ត្រូវបានគេសន្និដ្ឋានថា តារាសម្ដែង សាត រស្មី នឹងគ្រោងចូលរោងការឆាប់ៗជាមួយចៅប្រសាប្រុសរបស់លោកស្រីមានឈ្មោះថា ឆៃ ដាពិសិដ្ឋ ជាកំលោះសង្ហាវ័យក្មេងម្នាក់ និងតែងលេចមុខក្នុងក្រុមរាំរបស់កូនប្រុសលោក ព្រាប សុវត្ថិ ។
គួរបញ្ជាក់ថា គឹម រស្មី ហៅសាត រស្មី បានរៀបការជាមួយអតីតប្ដីកីឡាករប្រដាល់ល្បីឈ្មោះ ជៀស ស្រួច កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ ដែលពេលនោះ គេជឿថា ឆៃដា ពិសិដ្ឋ ទើបមានអាយុ៥ឆ្នាំប៉ុណ្ណោះហើយនៅពេលនេះ រូបគេពេញវ័យកំលោះ ស្រាប់តែបាក់ចិត្តស្រលាញ់អ្នកមេម៉ាយសាច់សខ្ចី រស្មី ដោយដកចិត្តមិនរួចឡើយ។
ទន្ទឹមនឹងនេះដែរ ក្រោយពេលស្ងាត់ពីសិល្បៈនាង សាត រស្មី ងាកមកសំងំប្រើប្រាស់ជីវិតឯកជនសាងស្នេហ៍ជាមួយនិងក្មួយប្រុសរបស់កំពូលតារាចម្រៀងល្បីឈ្មោះលោកឧកញ៉ា ព្រាប សុវត្ថិ ហើយ ក៏បានសម្រាលកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ផងដែរ៕









