(ខេត្តបាត់ដំបង)៖ មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែង ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាប្រភេទល្បែងកាសុីណូអត់ច្បាប់កំពុងបើកឱ្យមានមនុស្សចូលលេងយ៉ាងច្រើនកោះករ ។
ពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងហ្គេមបាញ់ត្រីនេះលោកអភិបាលស្រុកនិងលោកអធិការស្រុកកំរៀង មិនបង្ក្រាប សង្ស័យអាចនិងត្រូវថ្នាំសណ្តំ ឬទទួលបានលាភ ទទួលជ័យ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅ ទើបបានផ្គើនមិនអនុវត្តបង្ក្រាបទៅវិញ។
ជាពិសេសលោកអភិបាលស្រុកក៏ដូចជាលោកអធិការស្រុកកំរៀងកំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងបន្ទុក ក្នុងការមិនអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
តាមប្រភពព័ត៌មានពីមហាជន បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅស្រុកកំរៀង មានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី និងល្បែងស៊ីសងមាន់ជល់តាមអនឡាញ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនឃើញមានអាជ្ញាធរណាមកទប់ស្កាត់ឡើយ។ (ពោលគឺ)អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានក៏ដូចជាស្រុកកំរៀង ទាំងមូល បានរក្សាភាពស្ងៀមស្ងាត់ហើយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។
មហាជនក៏ដូចជាប្រជាពលរដ្ឋបានសំណូមពរដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក សាត គឹមសាន្ត ស្នងការខេត្តបាត់ដំបង សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះអ្នកផ្គើននិងបទបញ្ជា និងម្ចាស់ទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយនេះផង ដើម្បីស្របតាមគោលការណ៍ភូមិ ឃុំ ទាំងប្រាំពីរចំណុចឱ្យមានសុវត្ថិភាព ៕ដោយ ៖ ជីម ភារ៉ា


