អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ប្រកាសឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដូចគ្នាដែរដោយជំនួសមកប្រើ Tik Tok និង Telegram វិញ
-

សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់លេងហ្វេសប៊ុក និងស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុកលុបឈ្មោះចេញពីក្រុមហ៊ុន ទន្ទឹមគ្នាផងដែរនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ប្រកាសឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដូចគ្នាដែរដោយជំនួសមកប្រើ Tik Tok និង Telegram វិញ ។

នេះបើយោងតាមការបង្ហោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអោយដឹងដូច្នេះថា ៖ ខ្ញុំសម្រេចនិងបញ្ឈប់ប្រើ account facebook page ខ្ញុំចោល ដែលមានអ្នកតាមដានទស្សនា 2.2លាន នាក់ដោយមកប្រើអាខោនតេឡេក្រាមនិង tik tok វិញ។ សូមបងប្អូនមកប្រើប្រាស់តេឡេក្រាមនិង tik tok ខ្ញុំដើម្បីតាមដានព័ត៌មានផ្សេងៗ។ ខ្ញុំនឹងព្យាយាមធ្វើការចាប់ពីថ្ងៃស្អែកទៅដើម្បីចាកចេញ ។ 

សូមរំលឹកផងដែរថាយោងតាមការបង្ហោះរបស់សម្តេចតេជោ ហ៊ុន សែន នៅកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ​បានប្រកាសដូច្នេះថា ៖ «បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក(Facebook)

ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក ឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម(Telegram)ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។

អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebookដែលមានអ្នកចូលរួមជាង១៤លាននាក់។ ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។

ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បី ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ឯមួយទៀតមានអ្នកតាម១លាន២សែននាក់និងអ្នកចូលចិត្តជាង១២លាននាក់។ ចាប់ពីពេលនេះFacebook ណាមាន ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់»៕