(ប្រទេសថៃ)៖ ទីបំផុតគណបក្សភឿថៃអាចបំបែកភាពទាល់ច្រកក្នុងការបង្កើតរដ្ឋាភិបាលថៃ បន្ទាប់ពីជាប់គាំងអស់ជិត ១០០ ថ្ងៃ ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភា ដោយលោក ស្រេតថា ថាវីស៊ីន ដែលជាបេក្ខជនមួយរួបក្នុងចំណោម ៣ រូប របស់បក្សភឿថៃ បានទទួលការគាំទ្រពីសមាជិករដ្ឋសភា និងព្រឹទ្ធសភាច្រើនលើសតម្រូវការដែលទាមទារត្រឹម ៣៧៤ ប៉ុណ្ណោះ។
ជ័យជម្នះរបស់លោក ស្រេតថា ថាវីស៊ីន ជាមួយនឹងសំឡេងគំាទ្រចំនួន ៤៨២ ក្នុងចំណោមសមាជិកសភា និងព្រឹទ្ធសភាចំនួន ៧២៧ រូប ដែលមានវត្តមានក្នុងពេលប្រជុំនៅថ្ងៃទី ២២ សីហា បានបញ្ចប់ការរាំងស្ទះក្នុងការបង្កើតរដ្ឋាភិបាលថ្មីអស់ពេលជាយូរដែលលាយឡំដោយជម្លោះផ្លូវច្បាប់ជាច្រើន លើគណបក្សឈ្នះឆ្នោត។ នេះបើយោងតាម ប្រភពពត៏មាន AP។
រដ្ឋសភានិងព្រឹទ្ធសភាថៃបានជួបប្រជុំគ្នានៅថ្ងៃទី ២២ សីហា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបំបែកភាពទាល់ច្រកនយោបាយក្នុងការបង្កើតរដ្ឋាភិបាលថ្មីដែលជាប់គាំងដោយសារគ្មានគណបក្សណាមួយឈ្នះដាច់សម្រាប់បង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន ហើយទាមទារឱ្យគណបក្សនយោបាយដែលឈ្នះឆ្នោតចងសម្ព័ន្ធភាព និងចែកអំណាចជាមួយគណបក្សផ្សេងៗទៀត។
យោងតាមការផ្សាយរបស់សារព័ត៌មានថៃ The Nation បន្ទាប់ពីការជជែកដេញដោលអស់ជាច្រើនម៉ោង អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះបានទទួលការគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី ដែលរហូតដល់ពេលនេះមានគណបក្ស ១១ នៅក្នុងសម្ព័ន្ធរដ្ឋាភិបាលថ្មី៕