ភ្នំពេញ ៖ អតីតតារាសម្តែង និងពិធីការិនី វីជេ អាណូ បានវិលមកស្ថានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីនាងត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ក្រោយពេលនាងព្យាយាមប៉ុនប៉ងធ្វើបញ្ចប់ជីវិតខ្លួនឯង ដោយសារតែមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

ក្រោយការសម្រាកព្យាបាលបានជាសះស្បើយហើយនោះ វីជេ អាណូ បានបង្ហាញមុខសារជាថ្មីនៅលើបណ្តាញសង្គម ដើម្បីសម្តែងការអរគុណសម្រាប់ទស្សនិកជន និងសប្បុរសជនទាំងអស់ដែលជួយលើកទឹកចិត្ត និងជួយជាថវិកាសម្រាប់ព្យាបាលដល់រូបនាង។

នៅក្នុងវីដែអូដែលបាន Live កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វីជេ អាណូ បានលើកឡើងថា «នាងអរគុណដល់មិត្តភក្តិ បងប្អូនទាំងអស់ដែលបានជួយដល់រូបនាងដែលកំពុងជួបការលំបាកនាពេលនេះ ហើយនាងក៏អរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានយកចិត្តទុកដាក់ព្យាបាលរបួសរបស់នាងឲ្យបានជាសះស្បើយ»។

នាងបញ្ជាក់ថា «ក្រោយរឿងហេតុកើតឡើងនេះ នាងបានពង្រឹងខ្លួនឯងឡើងវិញ ដោយមិនចុះចាញ់ត្រឹមនេះឡើយ រហូតមកទល់នាពេលនេះ នាងនៅតែទទួលបានសារជូនពរ និងលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់បងប្អូន និងមិត្តភក្តិ»។
នាងបានបន្តទៀតថា «នេះជាក្តីស្រឡាញ់ដ៏ធំធេងពីសំណាក់បងប្អូនមកលើរូបនាង ដែលនេះបានធ្វើឲ្យនាងអាចទម្លាក់ចោលនូវរឿងស្មុគស្មាញ និងការលំបាកកន្លងមកចោលទាំងអស់ ហើយអាចចាប់ផ្តើមជីវិតសារជាថ្មីឡើងវិញ»។ វីជេ អាណូ បានលើកឡើងបន្ថែមថា «ដោយសារតែភាពមោហ៍បិទមោហ៍បាំង ទើបធ្វើឲ្យនាងមិនដឹងធ្វើអ្វី ដោះស្រាយយ៉ាងណា ហើយគិតតែពីការចង់សម្លាប់ខ្លួនតែមួយមុខប៉ុណ្ណោះ ដោយមិនបានគិតពីកូន និងគ្រួសារឡើយ ខណៈពេលដែលនាងបានកាត់ផ្តាច់ទំនាក់ទំនងស្ទើរទាំងស្រុងពីមិត្តភក្តិនានាផងនោះ»។

នាងបញ្ជាក់ទៀតថា «នាងពិតជាហត់ ទៅមុខអត់រួច ធ្វើខ្លួនជាប្រុសផង ស្រីផង ហើយគ្មានមិត្តភក្តិដើម្បីពិភាក្សា ទើបនាងក្លាយជាអ្នកជំងឺបាក់ទឹកចិត្ត រហូតចង់សម្លា.ប់ខ្លួនម្តងជាពីរដងមកនេះ»។
បើតាម វីជេ អាណូ ថា «អ្នកដែលមានជំងឺបាក់ទឹកចិត្ត បើយើងមិនជាន់បន្ថែម គឺពួកគាត់មិនចង់សម្លា.ប់ខ្លួនឡើយ នេះជារឿងពិតនាងមិនកុហកឡើយ ហើយប្រសិនបើអ្នកទាំងអស់គ្នាបានឃើញស្នាមរបួសដែលនាងចា.ក់ខ្លួនឯងនោះ គឺអ្នកទាំងអស់គ្នាមិននឹកស្មានថា នាងអាចបានមកអង្គុយនិយាយនាពេលនេះឡើយ»។
យ៉ាងណានាងបញ្ជាក់ថា «ក្រោយរឿងហេតុអាក្រក់បានកន្លងផុតទៅ នាងអាចចាប់ផ្តើមជីវិតសារជាថ្មីឡើងវិញ ដោយសារតែនាងនៅមានកូនជាកម្លាំងចិត្តដ៏ធំ ព្រមទាំងមានមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈដែលតែងតែផ្តល់ការលើកទឹកចិត្តមកដល់រូបនាងផងដែរ»។

ក្រោយពីស្ថានភាពបានវិលមកល្អប្រសើរនាពេលនេះ បច្ចុប្បន្ន វីជេ អាណូ ក៏បានចាប់ផ្តើមមុខរបររកស៊ីរបស់ខ្លួនឡើយវិញផងដែរ ដោយនាងបាន Live ម្ហូបអាហារ និងរបស់របរប្រើប្រាស់មួយចំនួនតាមអនឡាញ។
គួររំលឹកផងដែរថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយពាសពេញបណ្តាញសង្គម បន្ទាប់ពីគេបានឃើញអតីតតារាសម្តែង និងពិធីការិនី វីជេ អាណូ បានធ្វើការ live តាមបណ្តាញសង្គម ដោយបង្ហូរទឹកភ្នែក ថែមទាំងយកកាំបិ.តចា.ក់ខ្លួនឯង ដោយមិនដឹងមូលហេតុច្បាស់លាស់កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។
វីជេ អាណូ ដែលមានឈ្មោះនៅក្នុងគណនីហ្វេសប៊ុក «Soun Pheakdey» បានធ្វើការ live វីដេអូ បង្ហាញនូវភាពអស់សង្ឃឹមក្នុងជីវិត ត្បិតខ្លួនកំពុងតែមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ នាងបាននិយាយទាំងទឹកភ្នែកថា «នាងពិតជាហត់ ទៅមុខលែងរួចហើយ»។ នាងបញ្ជាក់ថា «ខ្ញុំធ្លាប់លេបថ្នាំ ធ្លាប់ច.ង.ក តែមិនស្លាប់សោះ ខ្ញុំតាំងចិត្តមកធ្វើការខាងក្រៅ ដើម្បីអោយមើលគេឯងខ្លះ ក្រែងបានធូរ ចិត្ត ប៉ុន្តែនៅពេលចេញមក គឺមានតែពាក្យថាអោយ។ កូនមិនសមមានម្តាយដូចម៉ាក់ទេ ម៉ាក់មិនល្អទេ ម៉ាក់ហត់ណាស់ ម៉ាក់ទៅមុខអត់រួចទេ»។
ក្រោយការនិយាយពាក្យទួញសោកទាំងអស់ខាងលើនេះហើយ វីជេ អាណូ ក៏បានយកកាំបិ.តមកចាក់ខ្លួនឯង ក្នុងគោលបំណងបញ្ចប់ខ្លួនតែម្តង។ ភ្លាមៗនោះ វីជេ អាណូ ក៏ត្រូវបានគេនាំទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយការសម្រាកព្យាបាលនៅទីនោះស្ថានភាពនាងក៏បានប្រសើរឡើងវិញ និងបានចាកចេញពីមន្ទីរពេទ្យមកគេហដ្ឋានរបស់នាងវិញកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។