ចាប់ជនជាតិចិន០៤នាក់ និងរឹបអូសសារធាតុញៀន ច្រើនកញ្ចប់ នៅសណ្ឋាគារ ស៊ីង សាវ័ន ក្រុងព្រះសីហនុ
Sokli
-

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០៤នាក់ និងដកវត្ថុតាងសារធាតុញៀនជាច្រើនកញ្ចប់ ។

ជនសង្ស័យទាំងអស់មានគ្នា ០៤នាក់រួមមាន ៖

១. ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ

២. ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ

៣. ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ

៤. ឈ្មោះ TAO HUAN ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ ។

រកឃើញ និងដកហូតវត្ថុតាង រួមមាន ៖

១. ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់ ។

២. ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀនចំនួន ២៩កញ្ចប់ ។

៣. ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់ ។

៤. ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ ។

៥.ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាសអក្សរ HUANG HELOU សង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ ។

៦. ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀន ចំនួន ២០កញ្ចប់ ។

៧. ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀន ចំនួន ១១កញ្ចប់ ។

៨. ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់ ។

៩. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ ដើម្បីបន្ដនីតិវិធី ៕