អាជ្ញាធរថៃបានប្រកាសដាក់ក្រុងបាងកកក្នុងភាពអាសន្ន ចំណែកមីយ៉ាន់ម៉ា បានដាក់តំបន់ចំនួន ៦ក្នុងស្ថានភាពអាសន្នដូចគ្នា...
Heang
-

អាជ្ញាធរថៃបានប្រកាសដាក់ក្រុងបាងកកកក្នុងភាពអាសន្ន។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានថ្លែងបែបនេះ ក្រោយមានការវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយនៅភាគកណ្តាលមីយ៉ាន់ម៉ា។ ចំណែកមីយ៉ាន់ម៉ា បានដាក់តំបន់ចំនួន ៦ក្នុងស្ថានភាពអាសន្នដែរ។


គួរបញ្ជាក់តាមទីភ្នាក់ងារ GFZ ថា គ្រោះរញ្ជួយដីខាងលើនេះបានកើតចេញពីក្នុងជម្រៅដី ១០km ក្នុងតំបន់មួយចម្ងាយជាង ១៧km ពីទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតលំដាប់លេខ ២ ប្រចាំប្រទេសអាស៊ានមួយនេះ។ 

គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ (ចិនថា ៧.៩រ៉ិចទ័រ) នៅមីយ៉ាន់ម៉ា អង្រួនដល់ប្រទេសថៃ បង់ក្លាដែស ឥណ្ឌា ចិន ឡាវ និងវៀតណាម (កម្ពុជាយើងមានអ្នកអះអាងទទួលរងចំហាយដែរ)។

យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអាល្លឺម៉ង់ German Research Centre for Geosciences (GFZ) បានរាយការណ៍នៅថ្ងៃរសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ ខណៈសារព័តថៃអះអាងថា ៧.៧រ៉ិចទ័រ និងស្ថាប័នតាមដានញ័ររញ្ជួយដីនៅប៉េកាំងអះអាងថា ៧.៩រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា និងនាំឲ្យញាប់ញ័រដល់បណ្តាខេត្តជាច្រើនរបស់ប្រទេសថៃ, ឡាវ, ចិន (ខេត្តយូណាន) វៀតណាម, បង់ក្លាដែស និងឥណ្ឌា ខណៈនៅកម្ពុជាក៏មានការអះអាងថា បានរងឥទ្ធិពលនេះដែរ តែអាជ្ញាធរមិនទាន់បញ្ជាក់ជាផ្លូវការទេ។

នៅប្រទេសថៃវិញ អ្នករស់នៅលើអគារខ្ពស់ៗជាច្រើននៅទីក្រុងបាងកក និងខេត្តក្បែរខាង ព្រមទាំងទីក្រុងឆៀងម៉ៃផងដែរ បានទទួលអារម្មណ៍ញ័ររញ្ជួយនេះ និងចែកចាយព័ត៌មាននៅតាមបណ្តាញសង្គមផងដែរ ហើយមនុស្សម្នាជាច្រើនបានចេញពីអគារខ្ពស់ៗមកឈរតាមដងផ្លូវ ខណៈរដ្ឋធានីវៀងច័ន្ទរបស់ឡាវក៏មានស្ថានភាពដូចគ្នា។ គេឃើញមានការចែកចាយរូបភាព និងវីដេអូជាច្រើនអំពីអគារ និងលំនៅដ្ឋានដួលរលំនៅប្រទេសមីយ៉ាន់ម៉ា និងថៃ តែសម្រាប់ចំនួនមនុស្សរងគ្រោះថ្នាក់ (អាចស្លាប់ និងរបួស)​ មិនទាន់មានការបញ្ជាក់នោះទេ៕