ខឹងសង្សាចាស់ បណ្តើរសង្សាថ្មី នៅនឹងមុខ ផ្ទុះកំហឹង វាយរូបស្រីស្រស់នឹងដង្កៀបអ៊ុតសក់ ព្រមទាំងគម្រាមសម្លាប់ចោល...
បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ យុវវ័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីប្រើហិង្សាលើនារីរងគ្រោះម្នាក់បណ្តាលរបួសស្នាម និងគំរាមសម្លាប់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ មាស វណ្ណនុត ហៅនិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត។ លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីឈ្មោះ សារិន វាសនា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យឈ្មោះ មាស វណ្ណនុត ហៅនិត ពីបទប្រើអំពើរហិង្សាបង្ករបួសស្នាម និងគំរាមសំលាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បើតាមសម្តីរបស់នារីររងគ្រោះបានប្រាប់ថា ជនសង្ស័យឈ្មោះ មាស វណ្ណនុត ហៅនិត ធ្លាប់ស្គាល់គ្នាជាសង្សា ហើយទំនាក់ទំនងជាច្រើនខែមកហើយ។ នារីរងគ្រោះបានបន្តទៀតថា ពួកយើងបានបែកគ្នាជាងមួយខែមកហើយ ព្រោះជនសង្ស័យមានសង្សាថ្មី។ ក្រោយបែកបាក់គ្នារយៈពេលជាង១ខែនេះ ជនសង្ស័យបានមករករឿង ហើយកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានចូលក្នុងបន្ទប់ជួល ហើយបានជេររករឿង និងវាយតប់ជាច្រើនដៃ បណ្តាលឱ្យនារីរងគ្រោះហើមមុខ ហើមមាត់ ជាំជើង រួចជនសង្ស័យទៅបាត់ ។ ក្រោយពីចេញទៅបាត់ ហើយជនសង្ស័យក៏ត្រឡប់មកវិញបានយកដង្កៀបសក់អគ្គីសនីមកវាយទៅលើនារីរងគ្រោះ រួចក៏យកកាំបិតចុងស្រួចគំរាមសំលាប់នារីរងគ្រោះទៀតផង។ ក្រោយពេលជនសង្ស័យធ្វើសកម្មភាពវាយនារីជនរងគ្រោះ ភ្លាមៗនោះកម្លាំងជំនាញចុះប្រតិបត្តិការចាប់ជនសង្ស័យភ្លាមៗដែរ និងដកហូតបានដង្កៀបសក់អគ្គីសនីចំនួន១ កាំបិតចុងស្រួចចំនួន១ ហើយត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ក្រោយពេលសាកសួរនារីរងគ្រោះរួចហើយ សមត្ថកិច្ចក៏បានសាកសួរជនសង្ស័យ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានវាយធ្វើបាបទៅលើនារីរងគ្រោះពិតមែន ព្រោះខ្លួនធ្លាប់ស្រលាញ់គ្នា ជាច្រើនខែមកហើយ ហើយក៏ត្រូវបែកគ្នា ដោយសារនារីរងគ្រោះមានសង្សាថ្មី ទើបធ្វើឱ្យខ្លួនខឹងផឹកស្រវឹង ហើយមកស្តីថា និងបានជេរ ទើបជនសង្ស័យខឹងខ្លាំង ក៏បានវាយនារីរងគ្រោះបណ្តាលឱ្យរបួសស្នាមបែបនេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ក្រោយពេលចាប់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។