ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តធុនធំពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង និងទៅគាបជាប់ជាមួយដើមឈើ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងធ្វើឲ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់រលួស ខណ្ឌដង្កោ ។ សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុនោះគេឃើញ រថយន្តហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ដែលដឹកសំបកពងទា ពាក់ស្លាកលេខ ភ្នំពេញ 3D-8449 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយដូចគ្នា ទម្ងន់ប្រហែល៥តោន បានដឹកផ្លែឈើពេញរថយន្ត ធ្វើដំណើរពីត្បូងមកជើង (ទិសដៅបញ្ច្រាស់គ្នា) ក្នុងល្បឿនលឿន។ ពេលនោះបានជ្រែចូលផ្លូវរថយន្តហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ក៏បុកពីមុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងក្រឡាប់ផ្ងារជើងទៅគាបជាមួយដើមឈើថែមទៀត បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខ្ទេចផ្នែកខាងមុខ រងការខូចខាតទាំងស្រុង។ មនុស្សប្រុសស្រី៣នាក់ខាងរថយន្តហ៊ីយ៉ាន់ទម្ងន់៣តោន រងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិក សួគ៌ាដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកភាគីរថយន្តហ៊ីយ៉ាន់ដាយទម្ងន់៥តោនរងរបួសស្រាល ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ៕
ដោយ៖ និស្ស