ប្រាសាទ​តោ ​ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​រាប់​រយ​ទៀត​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក
ណារ៉ា
-

ប្រាសាទ​តោ ​ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​រាប់​រយ​ទៀត​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ​ស្ថិត​នៅ​​ភូមិ​សំបូរ​ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ ​ដែល​មាន​ចម្ងាយ​២៧ ​គម ​ពី​ទី​រួម​ខេត្ត។ ប្រាសាទ​តោជា​ប្រាសាទ​មួយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ​ខុស​ឆ្ងាយ​ពី​ប្រាសាទ​ផ្សេង​ៗ ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។ នៅ​មុខ​ប្រាសាទ​នេះ ​មាន​រូប​តោ​២ ​កំពុង​ស្រែក​បង្ហាញ​ពី​កម្លាំង​និង​ឥទ្ធិពល​របស់​ប្រាសទ​នេះ។ រូប​សំណាក់​តោ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ហាក់​ខុស​ប្លែក​ពី​តោ​ធម្មតា ​តែ​បើ​ក្រឡេក​មើល​ឱ្យ​ច្បាស់​ទៅ គេ​គិត​ថា​វា​ជា​សំណង់​ដូច​ទៅ​នឹង​តោ​នៅ​លើ​ភ្នំ​គូលែន​ដែរ ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​គេ​គិត​ថា​សំណង់​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​សំណង់​នៅ​ភ្នំ​គូលែន​។ ប្រាសាទ​តោ ​សាង​សង់​នៅ​លើ​ដី​រាប​ស្មើ​ ដែល​ប្រាសាទ​នេះ​សង់​ពី​ថ្ម​បាយក្រៀម ​ឥដ្ឋ​តាន់ ​និង​ថ្ម​ភក់ ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ ​នា​សតវត្ស​ទី​៩ ពោល​គឺ​សំណង់​នេះ​សង​ក្រោយ​ក្រុម​ប្រាសាទ​ផ្សេង​ៗ​នៅ​តំបន់​សំបូរ​ព្រៃ​គុក​ទេ ​ដែល​សាងសង់​ឡើង​​តាំង​ពី​សតវត្ស​ទី​៧។ មិនមានសេស​សល់​សិលាចារឹក​ណា​មួយ​ទាក់ទង​នឹង​ប្រាសាទ​នេះ​ឱ្យ​បាន​ក្បោះក្បាយ​ឡើយ ខណៈ​ដែល​ឈ្មោះ​ប្រាសាទ​តោ​នេះ គឺ​ដោយសារ​តែ​អ្នក​ភូមិ​ឃើញ​មាន​តោ​នៅ​ពី​មុខ​ប្រាសាទ​ទើប​បាន​ជា​នាំ​គ្នា​ដាក់​ឈ្មោះ​ថា​ប្រាសាទ​តោ​ដូច្នេះ​ទៅ៕ Credit: Sovanna Kem