របួសធ្ងន់ស្រាល៣នាក់ ខណៈបើករថយន្តគេចពីរឺម៉កកង់បីធ្លាក់ពីផ្លូវបេតុងទៅបុកគំរបលូក្រឡាប់ជាច្រើនត្រឡប់

ភ្នំពេញ៖ រថយន្តម៉ាកហ្វ៊ត១គ្រឿង បានបើកបរលឿនពេក ហើយគេចពីម៉ូតូកង់បីជ្រុលទៅបុកគំរបលូក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៩២ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហ្វ៊តរបស់ក្រុមហ៊ុនណាហ្គាវើល ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-9689 បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូរឺម៉កកង់បី១គ្រឿងដែលបើកពីមុខពេលនោះសង្ស័យអ្នកបើកបររថយន្តវ៉ាក់អឺក៍បួងចង្កូតគេចមកខាងស្តាំដៃ ពេលនោះរថយន្តបានធ្លាក់ពីផ្លូវបេតុងមកបុកនិងគំរបលូពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យមនុស្សប្រុសស្រី៣នាក់ដែលនៅក្នុងរថយន្តរងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជួនទៅកាន់មន្ទីពេទ្យចំណែករថយន្តត្រូវបងប្អូនជនរងគ្រោះហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ ភារ៉ា​