ស្ត្រី​ម្នាក់​ប្រើល្បិច​បន្លំ​យក​ខ្សែក កាឡៃ ដូរ​យក​ខ្សែ​កមាសបានសម្រេច ពេលមកម្តងទៀតជាប់ដូរបានជាខ្នោះវិញ
-

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ប្រើល្បិច​បន្លំ​យក​ខ្សែក កាឡៃ​ដូរ​យក​ខ្សែ​កមាស ពិត​បាន​មួយ​ដំឡឹង នៅផ្ទះ លេខ៤៤ (ផ្សារ​ច្បារអំពៅ) ហើយ​គេចខ្លួន​បាន២ថ្ងៃ  លុះ​មក​ផ្សារ​ច្បារអំពៅ​ម្តងទៀត ក៏ត្រូវ​សមត្ថកិច្ច​ចាប់ជាប់។ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។


ជនសង្ស័យ​ឈ្មោះ ម៉ាន ម៉ាន​រី​យ៉ាន ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៦A ផ្លូវ ជាតិ​លេខ៥សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ជនរងគ្រោះ​ឈ្មោះ​ឡុង នី​ឡេង ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​គ្រឿងអលង្ការ ស្នាក់នៅ​ផ្ទះកើតហេតុ។


សមត្ថកិច្ចបានឲ្យដឹង កាលពីថ្ងៃទី២០ ខែតុលា ជនសង្ស័យបានដើរមកទិញគ្រឿងអលង្ការ ដោយពេលនោះជនរងគ្រោះ និងប្តីកំពុងតែលក់ ។ ភ្លាមនោះ ជនសង្ស័យបានសុំមើលខ្សែកមាស ម៉ូត​ច្រ​វ៉ា​ក់​ឆាប១ខ្សែ ទម្ងន់ ១ដំឡឹង​មក​មើល រួមក៏ពាក់នឹងក ក្នុងពេលនោះ ជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យក៏បានដោះខ្សែក កាឡៃដែលខ្លួនបានពាក់ជាប់នឹងកនោះ មកវិញ ហើយបានប្រាប់អ្នកលក់ថា ឲ្យទុកវិញទៅ ហើយអ្នកលក់បានប្រាប់ថា ចឹងមើលខ្សែកផ្សេងទៅ ជនរងគ្រោះក៏បានយកមកឲ្យមើល ខណៈពេលអោនយកខ្សែកនោះ ជនសង្ស័យក៏ដើរចេញមកក្រៅបាត់តែម្តង។  បន្ទាប់ពីលួចបានហើយ ជនសង្ស័យក៏បានយកខ្សែកទៅលក់ ឲ្យ​គេ​នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ បាន​លុយ ១៤៣០ដុល្លារ យកលុយ​ទៅ​សង​គេ​អស់។


លុះដល់​ថ្ងៃទី២២ខែតុលា​វេលា ម៉ោង១៤ និង០០នាទី ជនសង្ស័យ​ដើរចូល​ក្នុង​ផ្សារ​ច្បារអំពៅ​ដើម្បី​រក​បន្លំ​លួច​គ្រឿងអលង្ការ​គេ​ទៀត ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​រួមមាន ៖ ខ្សែក​កាឡៃ ១៧ខ្សែ, ខ្សែដៃ​កា​ឡែ ១ខ្សែ, ចិ​ញ្ជៀ​ន​កាឡៃ៨វង់, ក្រវិល​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស ២គូ, បណ្តោង​ខ្សែក​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស១, ទូរ​សព្ទ​ដៃ២គ្រឿង (ម៉ាក iPhone៦ ពណ៌​ទឹកមាស, ម៉ាក iPhone៥ ពណ៌​ផ្កាឈូក), លុយ​ដុល្លារ ២ដុល្លារ, លុយ​ខ្មែរ៦០០០រៀល, កាបូប​ក្រវ៉ាត់​ចង្កេះ​ពណ៌​ខ្មៅ ១ និង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ១ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់៕


ដោយ៖ ភត្រ្តា