នេះ មានរឿងរ៉ាវដ៏ហួសចិត្តមួយ កើតឡើងលើស្ត្រីថៃម្នាក់ គឺនាងបានកម្ម៉ង់ទិញកាបូបម៉ាកល្បីតាម Online ក្នុងថតម្លៃជាង ១ពាន់ដុល្លារ ប៉ុន្តែបែរជាបានដបទឹក ២ដបមកវិញ ខណៈដែលលុយទាំងអស់ ត្រូវបានផ្ញើឱ្យអ្នកលក់រួចរាល់អស់ទៅហើយ ។ស្ត្រីរងគ្រោះមានឈ្មោះ Panhathai Lertsin-udom បានឱ្យដឹងថា នាងបានកម្ម៉ង់ទិញកាបូបម៉ាក Celine កាលពីថ្ងៃអង្គារ៍សប្ដាហ៍មុន បន្ទាប់ពីទំព័រ Instagram មួយមានឈ្មោះថា brandnameby_Oa បង្ហោះលក់ ដោយអ្នកលក់ឈ្មោះ B.PROMOTE ។ កាបូបនេះបានដាក់លក់ក្នុងតម្លៃ ១១០០ដុល្លារ ហើយក៏បានផ្ញើចូលទៅគណនីធនាគាដែលលក់ឈ្មោះ B.PROMOTE ផ្ញើមកឱ្យ ។
បន្ទាប់ពីបានផ្ញើលុយឱ្យគ្រប់ចំនួនហើយនោះ ទំនិញក៏បានមកដល់តាមរយៈក្រុមហ៊ុនដឹកជញ្ជូន Kerry Express Thailand ហើយអ្វីដែលធ្វើឱ្យហួសចិត្តស្ទើរតែគ្មានពាក្យនិយាយនោះ គឺទំនិញនោះមិនមែនជាកាបូបឡើយ គឺជាដបទឹក រូប Kung Fu Panda ចំនួន ២ ទៅវិញ ហើយពេលនោះ គណនី Line របស់ B.PROMOTE ត្រូវបានបិទ ដែលធ្វើឱ្យស្ត្រីរងគ្រោះពុំអាចទំនាក់ទំនងទៅវិញបាន ។
ក្រោយមកស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យប្ដឹង ដោយប្រមូលឯកសារទំនាក់ទំនងតាមឆាតជាមួយអ្នកលក់ Online ខាងលើនេះ ដើម្បីបង្ហាញដល់ប៉ូលិស ។ យ៉ាងណាមិញ កាសែតថៃ បាងកកប៉ុស្ដិ៍ បានទាក់ទងជាមួយទំព័រ អ៊ីនស្ដ្រាក្រាម ឈ្មោះ brandnameby_Oa ខាងលើ ដែលគេប្រើដើម្បីបង្ហោះលក់ផលិតផលប្រណីតមួយទឹកៗ ហើយដឹងថា ទំព័រនេះ គឺគ្រាន់តែជាទំព័ររកស៊ីជួលបង្ហោះផ្សាយលក់ទំនិញតែប៉ុណ្ណោះ ៕
ប្រភពៈ kamsantoday