ទីក្រុងមូស្កូៈ បើតាមសារព័ត៌មាន Sputnik បានផ្សាយឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ យន្តហោះដឹកអ្នកដំណើរប្រភេទ Sukhoi Superjet SSJ-100 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ី Aeroflot បានធ្លាក់ពេលចុះចត បណ្តាលឲ្យមនុស្ស៤១នាក់ស្លាប់ ក្នុងចំណោមអ្នកដំណើ៧៨នាក់ ដែលស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ភាគខាងជើងទីក្រុងមូស្កូ។
ហេតុការគ្រោះថ្នាក់យន្តហោះខាងលើ ជួបបញ្ហាពេលចាប់ផ្តើមហោះហើរ រួមផ្តល់សញ្ញាសុំចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានដើមវិញ។ ពេលចុះចត បណ្តាលឲ្យឆាប់ឆេះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថាៈ នៅលើយន្តហោះមានមនុស្ស៧៨នាក់ ហើយមានមនុស្ស៣៧នាក់នៅរស់។ មូលហេតុនៃការឆេះយន្តហោះដឹកអ្នកដំណើរនេះ ក្រុមជំនាញរបស់រុស្ស៊ីបាននឹងកំពុងស៊ើបអង្កេត ហើយមិនទាន់អាចបញ្ជាក់បានថា បណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ។ អ្នកដំណើរ៣៧នាក់ នៅរស់រានមានជីវិត ក្នុងនោះ៥នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កុមារ២នាក់ ស្ថិតនៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត។
យន្តហោះដឹកអ្នកដំណើរនេះ គឺជាយន្តហោះ Sukhoi Superjet 100 ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ។ អ្នកដំណើរសរុប៧៣នាក់ រួមជាមួយអាកាសយានិក៥នាក់ នៅលើយន្តហោះនេះ ចេញដំណើរពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង Murmansk ភាគខាងជើងរបស់រុស្ស៊ី ។ ប៉ុន្តែវាបានបត់ក្បាលតម្រង់ទិសត្រឡប់ក្រោយវិញ ដោយមូលហេតុ «ហេតុផលបច្ចេកទេស» ដែលមិនអាចបញ្ជាក់ប្រាប់ ហើយម៉ាស៊ីនយន្តហោះក៏ចាប់ផ្តើមឆាបឆេះតែម្តង ៕