ភ្នំពេញ៖ បច្ចុប្បន្ន វិស័យកីឡាបាល់ទាត់ នៅកម្ពុជា កាន់តែមានភាពរីកដុះដាលខ្លាំងឡើង ជាបន្តបន្ទាប់ ក្រោមការបង្វឹកពីគ្រូដ៏មានជំនាញ និងមានបទពិសោធន៍ជាយូរឆ្នាំមកហើយនោះ។ យ៉ាងណាមិញ នៅក្នុងការប្រកួតមិត្តភាព កម្ពុជា ថៃ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះផងដែរ គឺក្រោមការដឹកនាំរបស់លោកប្រធានក្លឹប កុយ សារ៉ុន និង លោកគ្រូបង្វឹកដែលមានឈ្មោះបោះសំលេងគឺ លោកគ្រូ ខែម សូនី។
ក្លឹបបាល់ទាត់ មុនីរាជ យូណាយធិត បង្កើតឡើងតាំងពីឆ្នាំ២០១៦ ដោយការបង្កើត ក្រុមបាល់ទាត់នេះ គឺដោយការស្រលាញ់ វិស័យបាល់ទាត់នេះជាខ្លាំង ហើយក៏បានមើលឃើញថា វិស័យបាល់ទាត់មួយនេះ នឹងនាំពួកយើងបានសម្រេចតាមគោលដៅដែលចង់បាន នាពេលអនាគត ។ បើនិយាយពីការហ្វឹកហាត់វិញ គឺក្លឹប មុនីរាជ បានប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងបង្កើនការហ្វឹកហាត់ទ្វេរដង ដើម្បីដណ្តើមយកពាន មិត្តភាពមួយនេះអោយទាល់បាន។
គ្រូបង្វឹករូបនេះ បានប្រាប់ឲ្យដឹងថា ក្រុមរបស់លោកគឺមានសមាជិក ចំនួន១០នាក់ ក្នុងការប្រកួតដណ្តើមពាន មិត្តភាព កម្ពុជា ថៃ នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតនេះផងដែរ គឺដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពស្និទ្ធស្នាល រវាងគ្នានិងគ្នា។
លោកបានបន្ថែមទៀតថា ការប្រកួតមិត្តភាព កម្ពុជា ថៃ របស់ក្លឹបបាល់ទាត់ មុនីរាជ យូណាយធិត និងធ្វើឡើងនៅថ្ងៃទី ១៩ ២០ ២១ ២២ ខែកញ្ញា ២០១៩ ខាងមុខនេះ។ ហើយលោកក៏សង្ឃឹមថា ក្លឹបបាល់ទាត់របស់លោកនឹងទទួលបានជ័យជំនះ ត្រឡប់មកមាតុភូមិវិញ ជាក់ជាមិនខាន។
ជាចុងក្រោយ មានតែពាក្យជូនពរ ក្លឹបបាល់ទាត់ មុនីរាជ យូណាយធិត ឲ្យទទួលបានជ័យជំនះ វិលមកប្រទេសកម្ពុជាវិញ។ សូមឲ្យមានសុខភាពល្អ កំលាំងមុាំមួន ប្រកួតឲ្យអស់ពីសមត្ថភាព និងប្រកបទៅដោយភាពរីករាយ និងសុខសប្បាយ៕