ដំណឹងល្អ! ឯកឧត្តម គួច ចរើន មានប្រសាសន៍ថានឹងផ្តល់ម៉ូតូមួយគ្រឿង និងថវិកាចំនួន១០០០$ ចំពោះក្មួយៗដែលប្រឡងជាប់និទ្ទេស A នៅឯ....
សីហា
-

ខេត្តព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យកន្លែងស្នាក់នៅ និងការពិសារអាហាររបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ សម័យប្រឡងថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ៣រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តមបានបញ្ជាក់ថា ដេីម្បីជួយសម្រាលដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់មាតា បិតា អាណាព្យាបាលសិស្ស និងប្អូនៗ ដែលជាបេក្ខជនដែលមកពីបណ្តាលវិទ្យាល័យឆ្ងាយៗ មានដូចជា វិទ្យាល័យស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ និងការហូបចុកក្នុងកំឡុុងពេលប្រឡង ។

 រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅ និងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃសម្រាប់បេក្ខជនដែលមកពីវិទ្យាល័យឆ្ងាយមានដូចជា វិទ្យាល័យ ហ៊ុន សែន កំពង់សិលា និងវិទ្យាល័យ ហ៊ុន សែន កែវផុសនៅ ផ្ទះសំណាក់ ឡេង ទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ។ ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃ នៅផ្ទះសំណាក់គ្រូ បង្រៀន និងផ្ទះសំណាក់កាកបាទ ក្រហមខេត្ត ស្ថិតនៅក្នុងក្រុងព្រះសីហនុ ។ ដោយឡែកចំពោះការផ្ញើរយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តជាអ្នកធានារ៉ាប់រងក្នុងការចំណាយទាំងស្រុង ។

យ៉ាងណាមិញ ឯកឧត្តម គួច ចរើន បានមានប្រសាសន៍ថាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំបន្តការអំពាវនាវដល់ក្មួយៗនៅខេត្តព្រះសីហនុ ដែលជាបេក្ខជនមានចំនួន១៥១៧នាក់ បើ​តាមខ្ញុំចាំមិនខុសទេ ទាំងអស់គ្នានឹងគឺថាសូមឲ្យខំប្រឹងប្រែងឲ្យបាននិទ្ទេស​ A បើបាននិទ្ទេសគឺខ្ញុំបានសន្យារួចហើយថា ខ្ញុំនឹងផ្តល់ម៉ូតូមួយគ្រឿង និងថវិកាចំនួន១០០០$ ដល់ក្មួយៗដែលប្រឡងជាប់និទ្ទេស A នៅខេត្តព្រះសីហនុ»៕