ព្រះសីហនុ ៖ ពិតណាស់ពិភពលោក កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងមេរោគថ្មី គឺ វីរ៉ុស កូរ៉ូណា ដែលមានប្រភពចេញពីស្រុក វូហាន នៃប្រទេសចិន វីរ៉ុសនេះបានកំពុងតែមានការឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន និងបានសម្លា ប្រជាជនចិនអស់រហូតទៅដល់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ។

ទន្ទឹមនិងនេះដែរបើយោងក្រលេកមកមើលប្រទេសកម្ពុជាយើងវិញ ក៏មានករណីឆ្លង វីរ៉ុស កូរ៉ូណា ប្រភេទថ្មីនេះដែរ ដោយវីរ៉ុសនេះបានឆ្លងទៅលើបុរសម្នាក់គឺលោក ចា ជិនហូ (Jia Jianhua) ជនជាតិចិន ដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណានេះ ពេលនេះកំពុងតែសម្រាកព្យាបាលជំងឺនេះនៅខេត្តព្រះសីហនុផងដែរ ។

យ៉ាងណាមិញបន្ទាប់ពីបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃមកហើយនោះលោក ចា ជិនហូ (Jia Jianhua) ជនជាតិចិន ដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណានោះបាននិយាយដោយផ្ទាល់មាត់ថ្លែងអំណរគុណសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំគ្រូពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលជំងឺគាត់រហូតបានប្រសើរឡើងមួយកម្រិត។

នេះបើយោងទៅតាមវីដេអូរបស់បុរសជនជាតិចិន ដែលបណ្តាញព័ត៌មាន Fresh News ទទូលបានពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ លោក ចា ជិនហូ បានថ្លែងថា សុខភាពរបស់លោកមានភាពល្អប្រសើរ ហើយសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺរបស់គាត់។

លោក ចា ជិនហូ បាននិយាយជាភាសាចិន និងបានបកប្រែក្រៅផ្លូវការយ៉ាងដូច្នេះថា «សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សូមអរគុណមិត្តភ័ក្តិកម្ពុជាទាំងអស់គ្នា និងសូមអរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ថែទាំ និងព្យាបាលខ្ញុំក្នុងមួយរយៈពេលនេះ។ សូមអរគុណៗ»។ សូមទស្សនាវិដេអូខាងក្រោម

ប្រភព ៖ Fresh News