មិនមែនលំៗទេ ! វៀតណាមបានកុម្ម៉ង់ទិញយន្តហោះកងទ័ពប្រភេទ Yak-130 ចំនួន ១២បន្ថែមទៀតពីរុស្ស៊ី
-

កាលពីថ្ងៃទី (២៩ មករា) កាសែតមូស្គូថៃម៍ (Moscow Times) រាយការណ៍ថា វៀតណាមបានកុម្ម៉ង់ទិញយន្តហោះកងទ័ពសម្រាប់ហ្វឹកហាត់ប្រភេទ Yak-130 ចំនួន ១២បន្ថែមទៀតពីរុស្ស៊ី។ ការកុម្ម៉ង់នេះចំណាយទឹកប្រាក់អស់ ៣៥០លានដុល្លា (បើប្រៀបធៀប លុយនេះប្រហែលជាងពាក់កណ្ដាលលុយកងទ័ពកម្ពុជាចាយក្នុង ១ឆ្នាំ)។

យន្តហោះប្រភេទ Yak-130 នេះ គឺជាយន្តហោះទំនើបមួយកម្រិតទៀតសម្រាប់វៀតណាម ដែលវាអាចបំពាក់មីស៊ីលបាញ់ពីអាកាសទៅកាន់អាកាស (air-to-air missile), មីស៊ីលបញ្ជា (guided missile) និងគ្រាប់ទម្លាក់ ។ ម្យ៉ាងទៀត ការទិញយន្តហោះប្រភេទ Yak-130 នឹងបើកផ្លូវអោយវៀតណាមអាចទិញយន្តហោះកាន់តែទំនើបជាងនេះទៀត គឺប្រភេទ Su-35 ។

ការទិញលើកនេះកើតឡើងក្រោយពីវៀតណាមទិញអាវុធជាង ១ពាន់លានដុល្លា (ប្រហែល២ដងនៃលុយកងទ័ពកម្ពុជាចាយ ១ឆ្នាំ) ពីរុស្ស៊ីនៅឆ្នាំ២០១៨ ដែលរួមមាន យន្តហោះចម្បាំង នាវាចម្បាំងលើផ្ទៃទឹក និងនាវាមុជទឹកប្រភេទ Kilo-class ចំនួន ៦គ្រឿង។ បច្ចុប្បន្ននេះរុស្ស៊ីជាប្រទេសលក់អាវុធអោយវៀតណាមច្រើនជាងគេលំដាប់ទី១ រីឯអ៊ីស្រាអែលលក់អាវុធអោយវៀតណាមឈរនៅលំដាប់ទី២។