ខេត្តព្រះសីហនុ-នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ MS Westerdam កំពុងរំកិលខ្លួនចូលមកចតនៅកំពង់ផែ ក្រុងព្រះសីហនុក្រោមការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចតដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះគណៈប្រតិភូកម្ពុជាបានដឹកនាំមន្ត្រីពាក់ព័ន្ធដោយរង់ចាំនៅលើកំពង់ផែដើម្បីស្វាគមន៍ភ្ញៀវទេសចរលើកប៉ាល់ ដែលកម្ពុជាបានអនុញ្ញាតឲ្យចូលចតនោះហើយក្នុងចំណោមពួកគេមាន២០នាក់ រកឃើញថាមានអាការៈក្ដៅតែមិនទាន់បញ្ជាក់ថាមានផ្ទុកជំងឺឬយ៉ាងណានៅឡើយទេ។

គណៈប្រតិភូកម្ពុជានោះរួមមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរនៅក្នុងការផ្សាយផ្ទាល់របស់សារព័ត៏មាន Fresh News ដែលបានធ្វើបទសម្ភាសជាមួយនិង លោក អភិបាលខេត្ត ព្រះសីហនុ ឯកឧត្តម គួច ចំរើន នៅកាលពីព្រឹកមិញនោះគេបានសង្កេតឃើញថា មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Eurng Virak បានធ្វើការខមមិនទៅកាន់លោក គួច ចំរើន ថា « ជូនពឲ្យ ឯកឧត្តមឆ្លងវីរ៉ុសកូរូណាឆាប់ៗ » ។

បន្ទាន់ពីបានឃើញការប្រមាថអាយុជីវិតបែបនេះស្រាប់តែភរិយារបស់លោក ឯកឧត្តម គួច ចំរើន គឺលោកជំទាវ អ៊ូធីតាពៅ បានធ្វើការឆ្លើយតបភ្លាមៗយ៉ាងដូច្នេះថា ៖ អរគុណហើយ ដែលលោកឯងមានគំនិតឈ្នានីសខុសរឿង បានជូនពរប្តីខ្ញុំអោយឆ្លងកូរ៉ូណា សូមអញ្ជើញលោកឯងរស់អោយបានសុខស្រួលម្នាក់ឯងចុះណា! លោកឯងប្រមាថជីវិតមនុស្សជាតិ យកសុខទុក្ខមនុស្សជាតិមកលេងសើច!








