មេធាវីតំណាងលោកស្រីឡោក ខេង អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០បានចេញលិខិតបំភ្លឺមួយ ដោយបានច្រានចោលនូវការផ្សពផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ បង្កឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធនឹងជំលោះដីធ្លីមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ។
![](/wp-content/uploads/2020/3/5/media/large/65609/1.jpg?1583391094)
បើយោងតាមលិខិតបំភ្លឺរបស់លោកមេធាវីហ៊ល ស៊ីណា បានឲ្យដឹងថា ដីទំហំ ២២,៩០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺជាដីដែលលោកស្រីឡោក ខេងទិញពីឈ្មោះស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងតម្លៃ៦០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃលក់សមស្របតាមទីផ្សារជាក់ស្តែង មិនដូចជាការផ្សព្វផ្សាយថា លោកស្រីទិញដីនេះក្នុងតម្លៃត្រឹមតែ១៥ម៉ឺនដុល្លារ។ ដោយឡែកចំពោះមូលប្បទានប័ត្រ១៥ម៉ឺនដុល្លារ របស់ធនាគារកាណាឌីយ៉ា នោះគឺជាទឹកប្រាក់មួយចំនួនប៉ុណ្ណោះ ដែលត្រូវទូទាត់ជូនម្ចាស់ដើម ក្នុងចំណោមទឹកប្រាក់សរុប តាមការឯកភាពពីលោកស ថាវី (អាចមើលឯកសារភ្ជាប់ខាងក្រោម)។
![](/wp-content/uploads/2020/3/5/media/large/65610/2.jpg?1583391100)
រីឯប្រតិបត្តិការទិញលក់វិញ ត្រូវបានបញ្ជាក់ថា មានការដឹងលឺពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមវាស់វែង កំណត់ព្រំប្រទល់ដីច្បាស់លាស់ បានបង់ពន្ធប្រថាប់ត្រា និងបានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យត្រឹមត្រូវ ឲ្យមកឈ្មោះយស ម៉ាលីណា ត្រូវជាបងថ្លៃរបស់កូនក្ដីរបស់លោកស្រីឡោក ខេង ដោយជឿជាក់តាមឯកសារ របស់អាជ្ញាធរមូលដ្ឋាន ជាពិសេសសាលាខណ្ឌព្រែកព្នៅ។
![](/wp-content/uploads/2020/3/5/media/large/65611/3.jpg?1583391106)
ចំពោះការចោទប្រកាន់ថា បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញដីដែលកំពុងមានវិវាទនេះ ត្រូវបានបកស្រាយថាគឺជាភាពចាំបាច់ក្នុងការការពារ និងថែរក្សាដី ក្រោយពីការធ្វើសកម្មភាពរបស់ឈ្មោះឈ្មោះភឺន ផល្លា និងបក្សពួក ហើយការរៀបចំសាងសង់របងស័ង្កសីព័ទ្ធជុំវិញដី គឺធ្វើឡើងនៅមុនពេល មានកិច្ចប្រជុំនៅសាលាខណ្ឌព្រែកព្នៅ និងមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឬគំហាត់ពីតុលាការណាមួយឡើយ។
![](/wp-content/uploads/2020/3/5/media/large/65612/4.jpg?1583391110)
ដោយឡែកពាក់ពន្ធ័នឹងការកាន់កាប់ដីវិញ មេធាវីតំណាងលោកស្រីឡោក ខេងបានពន្យល់ថា ក្នុងកាលៈទេសៈនៃការប្រទាញប្រទង់គ្នា ពីការទាមទារសិទ្ធិ ជាម្ចាស់កម្មសិទ្ធិលើដី រវាងឈ្មោះភឺន ផល្លា និងឈ្មោះស ថាវី ជាអ្នកត្រូវទទួលខុសត្រូវ ក្នុងឋានៈជាអ្នកលក់ដី ទើបកូនក្ដីរបស់លោកនៅតែបន្តការកាន់កាប់ និងថែរក្សាដីជាធម្មតា តាមការលក់ទិញដែលមានការដឹងលឺ ពីសំណាក់អាជ្ញាធរសាលាខណ្ឌព្រែកព្នៅ ដោយរង់ចាំសេចក្ដីសម្រេចអំពីសិទ្ធិ កម្មសិទ្ធិនេះ ពីអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការចប់ជាស្ថាពរ ស្របតាមស្មារតីនៃកិច្ចប្រជុំនៅសាលាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
![](/wp-content/uploads/2020/3/5/media/large/65613/5.jpg?1583391118)
ម្យ៉ាងវិញទៀតតាមរយៈការទាមទារខាងលើនេះ នៅមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការ ដែលបានសម្រេចប្រគល់សិទ្ធិ កម្មសិទ្ធិដីនេះ ឲ្យទៅភាគីណាជាអ្នកឈ្នះនៅឡើយទេ ដោយភាគីវិវាទនៅតែបន្តប្រើប្រាស់យន្តការច្បាប់ សម្រាប់ការទាមទារ និងដោះស្រាយពីសិទ្ធិ កម្មសិទ្ធិនេះ។
![](/wp-content/uploads/2020/3/5/media/large/65614/6.jpg?1583391130)
គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនគ្រប់ជ្រុងជ្រោយ បណ្ដាលឲ្យមានការភ័ន្ដច្រឡំមកលើ លោកស្រីឡោក ខេង អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ ពាក់ព័ន្ធនឹងវិវាទដីទំហំ២២៩០០ម៉ែត្រការ៉េនេះ។ ដីនេះបច្ចុប្បន្នកំពុងតែមានវិវាទរវាងលោកឧត្តមសេនីយ៍ទោភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ និងលោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដោយម្នាក់ៗសុទ្ធតែអះអាងថា ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងកំពុងតតាំងបណ្តឹងនៅតុលាការ។
![](/wp-content/uploads/2020/3/5/media/large/65616/7.jpg?1583391144)
យ៉ាងណាក៏ដោយតាមរយៈមេធាវី លោកស្រីឡោក ខេង និងបច្ចុប្បន្នជាម្ចាស់ដី ដែលទិញដីពីលោក ស ថាវីបានបញ្ជាក់ថា ការទិញ-លក់ដីមួយកន្លែងនេះធ្វើឡើងដោយស្របច្បាប់ និងមានការដឹងលឺពីអាជ្ញាធរភូមិសង្កាត់និងខណ្ឌ។ ចំពោះវិវាទដែលបានកើតឡើង គឺទុកឲ្យឈ្មោះភឺន ផល្លា និងឈ្មោះស ថាវី ដោះស្រាយគ្នានៅតុលាការតាមផ្លូវច្បាប់៕
![](/wp-content/uploads/2020/3/5/media/large/65618/8.jpg?1583391154)
![](/wp-content/uploads/2020/3/5/media/large/65619/9.jpg?1583391154)