ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបហើយថា កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅមុខផ្ទះរបស់កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺលោកព្រាប សុវត្ថិ មានមនុស្សជាច្រើនអ្នក បានមកឈរនៅមុខផ្ទះរបស់លោក ហើយបានស្រែកតវ៉ា សូមឲ្យលោកព្រាប សុវត្ថិ ធ្វើការដោះស្រាយចំនួន៤ចំណុច ទី១. ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ ទី២ . ឈប់ ធ្វើរោងឈើបិតផ្លូវ ទី៣ .ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និងទី៤.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដែកពួនមិនបាន ចំពោះហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខ ណ្ឌសែនសុខ។

ដោយឡែកកាលពីព្រឹកមិញនេះ នៅលើបណ្តាញសង្គមរបស់លោក ហេង ឡុង បានបង្ហោះសារថពាក់ព័ន្ធនឹងបញ្ហានេះថា "បង ព្រាប សុវត្ថិ សូមបដិសេធព័ត៌មានផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ចំពោះការផ្ទុះតវ៉ាពាក់ព័ន្ធជាមួយនឹងផ្ទះរបស់គាត់ ហើយបានចោទប្រកាន់ថា គាត់បានរំលោភផ្លូវសាធារណៈ និងធ្វើឱ្យរំខានអ្នកជិតខាង ដោយមានរហូត៧០គ្រួសារមកតវ៉ា តែជាក់ស្ដែងមានត្រឹមពីរបីគ្រួសារប៉ុណ្ណោះ ហើយគាត់បានចោទជាសំណួរថា ពួកគាត់មានបំណងអ្វី? នៅពេលដែលគាត់នៅផ្ទះ ហេតុអ្វីមិនមកនិយាយគ្នា?
សូមបញ្ជាក់ថា ថ្ងៃកើតហេតុម្សិលមិញនេះ គាត់មិនបាននៅភ្នំពេញទេ ឥឡូវនេះគាត់កំពុងតែធ្វើដំណើរត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ។

ជាមួយគ្នានោះផងដែរក៏មានបងប្អូនប្រិយមិត្តអ្នកគាំទ្ររូបលោកជាច្រើន បានបង្ហាញអារម្មណ៍គាំទ្រលោកព្រាប សុវត្ថិ និងសូមឲ្យរូបលោក ធ្វើការបកស្រាយចំពោះបញ្ហានេះ តើមានហេតុការណ៍នេះកើតឡើងឬយ៉ាងណា? និងមានអ្នកខ្លះទៀត នៅតែបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះរូបលោក ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា និងជា Idol របស់គ្រប់គ្នាផងនោះ៕
















ប្រភព៖ ហេង ឡុង